សៀមរាប៖ រយៈពេល២ថ្ងៃ នៃដំណើរបេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប ដឹកនាំ ដោយក្លឹបអ្នកកាសែតកម្ពុជា ក្រុមអ្នកសារព័ត៌មានជាង៤០នាក់ ជិត៣០ស្ថាប័ន បានមកបំពេញទស្សនកិច្ចស្វែងយល់ ពីទីតាំងសំខាន់ៗ ដែលមាននៅក្នុងទឹកដីអឆ្ឆរិយៈ និងសក្តានុពលផ្នែកទេសចរណ៍ខ្លាំងបំផុតរបស់កម្ពុជា ។
នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានទាំងអស់ បានទៅទស្សនាតំបន់កម្សាន្ត ដ៏គួរឲ្យចាប់អារម្មណ៍ នៃការចិញ្ចឹមសត្វ,ថែរក្សាសត្វកម្រ មានដូចជាត្រីទឹកប្រៃ ត្រីទឹកសាប និងសត្វក្រជាច្រើនប្រភេទទៀតដែលត្រូវបានចិញ្ចឹម និងថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត នៅក្នុងសួនសត្វ AngKor Wild Life & Aquarium។ រួមជានិងការបន្តដំណើរទៅបំពេញទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដើម្បីស្វែងយល់ពីសេវាកម្មនៃការបដិសណ្ឋារកិច្ច ក៏ដូចជាសិក្សាអំពីសក្ដានុពលនៃអាកាសយានដ្ឋានអន្តរជាតិពីសមត្ថភាពក្នុងការទទួល អ្នកដំណើរ និងការហោះហើរ ទៅបណ្តាប្រទេសអាស៊ាន និងអ៉ឺរ៉ុប។
បន្ទាប់ពីទស្សនា លោក ពុយ គា ជាប្រធាន ដឹកនាំអ្នកសារព័ត៌មាន បានបន្តដំណើរតាមរយន្ត Jeepទៅកាន់ភូមិប្រដាក់ ដើម្បីទស្សនាការផលិតដោយដៃរបស់ប្រជាពលរដ្ឋ ដែលមាននៅក្នុងតំបន់តាំងពីជំនាន់ដូនតាតៗរៀងមក រហូតមកដល់បច្ចុប្បន្ននេះ។ ដំណើរទស្សនៈកិច្ច និងទស្សនា ពីការធ្វើស្កត្នោត នំបញ្ចុក នំក្រឡាន នំត្នោត ពីការធ្វើធូក និងដំណើរទេសចរណ៍ដោយរទេះគោ ក្នុងតំបន់អង្គរ និងបន្តទៅតំបន់បារាយទឹកថ្លា ៕