ព័ត៌មានជាតិ

សម្តេចធិបតី ស្នើឲ្យសិក្សារៀបចំតំបន់ខ្សែក្រវ៉ាត់បៃតងជុំវិញក្រុងសៀមរាប ដើម្បីធានាការផ្គត់ផ្គង់កសិផល បន្លែ ផ្លែឈើ ត្រី សាច់

រូបភាព ៖ ម៉ៅ ដារ៉ាត

សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើគ្រប់ភាគីពាក់ព័ន្ធ សិក្សារៀបចំឲ្យមានតំបន់ខ្សែក្រវាត់បៃតងនៅជុំវិញក្រុងសៀមរាប ដើម្បីធានាការផ្គត់ផ្គង់កសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់បំពេញតម្រូវការទីផ្សារប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់វិស័យទេសចរណ៍។

នាឱកាសអញ្ជើញបើកជាផ្លូវការបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» និងប្រកាសបើកយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតីបានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវជំរុញការផលិតផលិតផលទេសចរណ៍ឲ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ «ការ នាំចេញនៅនឹងកន្លែង» ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំសូមស្នើឲ្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម, និង រដ្ឋបាលខេត្តសៀមរាប សិក្សារៀបចំឲ្យមានតំបន់ខ្សែក្រវ៉ាត់បៃតងនៅជុំវិញក្រុងសៀមរាប ដើម្បីធានាការផ្គត់ផ្គង់កសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់បំពេញតម្រូវ ការទីផ្សារប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ជាពិសេស បង្កើតជាផលិតផលកសិទេសចរណ៍ ដើម្បីបង្កើនសក្ដានុពលទេសចរណ៍កម្ពុជា»។

លើសពីនេះ សម្ដេចធិបតី ក៏បានស្នើក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងរដ្ឋបាលខេត្តសៀមរាប សហការគ្នាសិក្សា និងគិតគូររៀបចំតំបន់ឧទ្យានជាតិភ្នំគូលែនឲ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិ ផ្សងព្រេង និងសាសនា ប្រកបដោយភាពទាក់ទាញខ្ពស់ ដើម្បីបង្កើនពិពិធកម្មផលិតផលទេសចរណ៍កម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកទឹកចិត្តក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំយុទ្ធសាស្ត្រជំរុញឲ្យមានការជួបជុំ ដូចជា កិច្ចប្រជុំ, វិបស្សនា, កម្មវិធីកីឡា និង កម្មវិធីនានានៅខេត្តសៀមរាប ដើម្បីគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ ឲ្យសម្រេចបានជោគជ័យ៕

To Top