ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ភាគីថៃ បានឯកភាព តាមការចរចាជាមួយសម្តេចរួចហើយ ចំពោះការលើកលែងមិនយកថ្លៃបង់ប្រាក់ ចូលប្រទេសថៃវិញ ពីសំណាក់ពលករខ្មែរ ដែលមកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល១ខែតែម្តង ។
ដំណឹងនេះ ពិតជាជួយសម្រួលដល់ពលករខ្មែរ ជាច្រើនក្នុងការចំណាយ ពេលមកស្រុកកំណើត ។ បើតាមនាយករដ្ឋមន្ត្រី ការមិនយកថ្លៃនេះប្រហាក់ប្រហែលជាង១ពាន់បាត ស្មើនឹងប្រហាក់ប្រហែលជាង ១១ម៉ឺនរៀល ។
ក្នុងឱកាស អញ្ជើញបើកពិធីបុណ្យទន្លេ នៅថ្ងៃទី១៦ មីនា សម្តេចនាយករដ្ឋមន្ត្រីមានប្រសាន៍ថា “ខ្ញុំបានចរចាជាមួយរាជរដ្ឋាភិបាលថៃ ពេលដែលទៅកាលពីថ្ងៃទី៧ខែមុននោះ ចឹងគាត់(រាជរដ្ឋាភិបាលថៃ)បានឯកភាពហើយថា មួយខែនេះ បងប្អូនពលករខ្មែរ ដែលមកលេងស្រុកទៅវិញ មិនបាច់បង់ថ្លៃ ចូលទេ ដូចជា១ពាន់បាត ឬប៉ុន្មាននោះទេ ចឹង Free ជូនតែម្តង១ខែនេះតែម្តង” ។
សម្តេចធិបតី ក៏បានឲ្យជាយោបល់ទៅ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យមានការរៀបចំ ការលេងឆៃយ៉ាំ និងផ្តល់ជាកាដូអនុស្សាវរីយ ដល់ភ្ញៀវទេសចរណ៍ ដែលមកលេងកម្ពុជា នៅព្រលានយន្តហោះទូទាំងប្រទេស ក្នុងអំឡុងពេលចូលឆ្នាំផងដែរ ។
សម្តេចធិបតី លើកឡើងថា “មុននេះខ្ញុំបាន ឲ្យគោលគំនិតទៅឯកឧត្តម សុខ សូកេន ពេលចូលឆ្នាំនេះ ខ្ញុំចូលមកឃើញឆៃយ៉ាំស្វាគមន៍ខ្ញុំ កាលយើងបើកព្រលានយន្តហោះ ឯកឧត្តម វង្សី វិស្សុតមក មានឆៃយ៉ាំ ស្វាគមន៍ ចឹងពេលចូលឆ្នាំ៣ថ្ងៃនេះ ៣ទៅ៤ថ្ងៃ ឬមួយអាទិត្យ កុំភ្លេចស្វាគមន៍ភ្ញៀវនៅព្រលានយន្តហោះ ដាក់ទៅរាំទៅ ចុះមកដំបូងឃើញឆៃយ៉ាំយើងបាត់ទៅហើយ ។ ជាកាដូទេសចរណ៍អីមួយ ជូនគាត់ អត់មានអីខាតទេ ជាអនុស្សាវរីយ៍មុនគេ ពេលចូលមកដល់ទឹកដីកម្ពុជា មកដល់គឺស្វាគមន៍” ។
សម្តេចបន្តថា “ខ្ញុំគិតថា បង្កើតអារម្មណ៍ចូលឆ្នាំ នៅក្នុងទឹកដី នៃនគរយើង គ្រប់ទាំងមូលតែម្តង នៅក្នុងពេលនេះ ។ ហើយខ្ញុំឲ្យគោលការណ៍ ម្សិលមិញទៅឯកឧត្តម ហេង សួរ និងធ្វើការជាមួយ អគ្គអន្តោប្រវេសន៍ និងបណ្តាខេត្តជាប់ព្រំដែន ពេលចូលឆ្នាំនេះ បងប្អូនពលករយើង នឹងត្រឡប់មកវិញ ពីប្រទេសថៃ ស្វាគមន៍តាមរូបភាពដែលអាចធ្វើទៅបាន ចឹងដើម្បីមានភាពកក់ក្តៅ” ៕