ភ្នំពេញ ៖ លោក ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ លើបញ្ហាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះក្នុងឱកាសលោក ស សុខា និងលោកស្រី កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១ ៥០០នាក់ នៅឃុំឫស្សីស្រុក ក្នុងស្រុកពាមជរ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ លោក ស សុខា គូសបញ្ជាក់ថា «ពាក់ព័ន្ធដល់បញ្ហាសេវាសុខភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នាពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកំពុងតែទម្លាក់ថវិកាទិញថ្នាំ ដែលប្រជាពលរដ្ឋត្រូវការ ដូចជា ៖ ថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការលំបាកដល់អ្នកជំងឺ ដែលត្រូវការថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ»។
លោកអនុប្រធានបន្ដថា បញ្ហាជំងឺលើសឈាម និងជំងឺ ទឹកនោមផ្អែម មួយរយៈចុងក្រោយនេះ កត់សម្គាល់ឃើញថា ជំងឺទាំងពីរនេះ ហាក់មានការកើនឡើង គួរឲ្យកត់សម្គាល់នៅកម្ពុជា មិនត្រឹមតែនៅតាមទីក្រុង ទីប្រជុំជន ឬនៅតាមជនបទ ស្រុកស្រែនោះទេ។ លោកថា ចំពោះមូលហេតុចម្បង ដែលនាំឲ្យកើតមានជំងឺ ដ៏ពេញនិយមទាំងពីរនេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញពន្យល់ថា «បណ្តាលមកពីកត្តាហូបចុក ឬរបបអាហារ ប្រចាំថ្ងៃសំខាន់»។
អនុប្រធានសង្កត់ធ្ងន់ថា ចំពោះអ្នកកើតជំងឺលើសឈាម ដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈម នឹងផលវិបាកដល់សុខភាពជាច្រើន រហូតបណ្តាលឲ្យមានហានិភ័យខ្ពស់ដល់អាយុជីវិត ដូចជា ៖ បង្កជាជំងឺ ស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង ជំងឺខ្សោយបេះដូង ជំងឺខ្សោយតំរងនោម ជំងឺងងឹតភ្នែក ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។
ទន្ទឹមនឹងនេះ លោកអនុប្រធាន ស សុខា ក៏បានផ្តាំផ្ញើដល់លោកយាយ លោកតា និងប្រជាពលរដ្ឋដែល ទាំងអស់ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់តាមដាន និងថែរក្សាសុខភាពបានជាប្រចាំ ។ ត្រូវរក្សាឲ្យបាននូវក្បួន អនាម័យដែលក្រសួងសុខាភិបាល បានណែនាំគឺត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ឲ្យបានគ្រប់ពេលវេលា និងជួយអប់រំ រំលឹកទៅដល់កូនចៅ ឲ្យខិតខំរៀនសូត្រ ព្រមទាំងចៀសឆ្ងាយគ្រឿងញៀន និងល្បែងទាំងឡាយ ដែលនាំមកនូវក្តីវិនាស អន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ ៕