ព័ត៌មានជាតិ

ពលរដ្ឋ៖ តើការដាក់មន្ត្រីប៉ូលីសចរាចរណ៍ តាមស្តុបដើម្បីល្អមើល​ ដើម្បីលុយ ឬដើម្បីពង្រឹងច្បាប់?

ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវមួយចំនួន បានរិះគន់ចំៗ ទៅលើមន្ត្រីនគរបាលចរាចរណ៍ ដែលបាននឹងកំពុងអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវថា “មន្ត្រីប៉ូលីសចរាចរណ៍ មួយចំនួនដែលដាក់តាមស្តុប និងគោលដៅនានា គ្រាន់តែល្អមើល ប៉ុន្តែមិនមែនដើម្បីពង្រឹងច្បាប់នោះទេ”។ ពលរដ្ឋខ្លះបន្តថា ការច្បាប់អនុវត្តន៍ម្តងដំណើរការ ម្តងមិនដំណើរការ ហើយពេលខ្លះស្ងាត់ៗក៏ផ្អាកទៅវិញ។ មតិខ្លះលើកឡើងទៀតថា អនុវត្តច្បាប់រង់ចាំតែការបញ្ជាពីថ្នាក់ដឹកនាំ ខណៈដែលករណីគ្រោះថ្នាក់ចរាចរណ៍បានកើតមានរាល់ថ្ងៃបណ្តាលឱ្យមានស្លាប់និងរងរបួស ហើយខាត់បង់ថវិកាជាតិរាប់លានដុល្លារក្នុងមួយៗឆ្នាំ។

ពលរដ្ឋជាច្រើនបានចោទសួរថា តើការដាក់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍តាមស្តុបដើម្បីឱ្យល្អមើល ដើម្បីលុយ ឬដើម្បីពង្រឹងច្បាប់?

ឆ្លើយតបទៅនឹងសំនួរ របស់ពលរដ្ឋនេះ នាយក​អង្គ​ការមូល​និ​ធិ​បង្ការ​របួស​អាស៊ី​ (AIP) លោក គឹម បញ្ញា បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវនៅកម្ពុជាទាំងអស់ ត្រូវរិះគន់មន្ត្រីនគរបាលចរាចរណ៍ដែលបាន នឹងកំពុងអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក នៅតាមដងផ្លូវសាធារណៈ ប្រកបដោយសីលធម៌ និងន័យស្ថាបនា។ ព្រោះជាធម្មតាការអនុវត្តច្បាប់តែងតែមានការខ្វះចន្លោះដោយប្រការណាមួយ។ នាមជាអ្នកធ្វើការលើសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គឹម បញ្ញា  បានបង្ហាញការគាំទ្រចំពោះការរឹតបន្តឹងចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវតែធ្វើ​ឱ្យបានម៉ឺងមាត់ ជាប់លាប់ ទូលំទូលាយ និងទាំងថ្ងៃទាំងយប់។ ការអនុវត្តត្រូវផ្តោតទៅលើ ហានីភ័យ ដែលបង្កឱ្យមានការស្លាប់និងរងរបួស ជាពិសេសពាក់ព័ន្ធនឹងការបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរមិនពាក់មួកសុវត្ថិភាពនិងមិនពាក់ខ្សែក្រវ៉ាត់ជាដើម។

ទន្ទឹមនឹងការអនុវត្តច្បាប់ ឱ្យមានភាពតឹងរឹងនេះ លោក គឹម បញ្ញា ក៏ស្នើឱ្យមន្ត្រីនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់ ប្រកបដោយតម្លាភាព ស្មើភាពនិងឱ្យបានត្រឹមត្រូវ  និងមានក្រមសីលធម៌ខ្ពស់ដើម្បីទាក់ទាញឱ្យមានការចូលរួមគាំទ្រពីអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា។ បើយោងតាម លោក គឹម បញ្ញា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ប្រទេសណាក៏ដូចជាប្រទេសណាដែរ ត្រូវបានយកជាមូលដ្ឋាន និងជាវិធានការដ៏មានប្រសិទ្ធភាព និងសក្តិសិទ្ធិភាពបំផុតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរដណ៍។  ជាក់ស្តែងការរឹតបន្តឹង លើការផឹកគ្រឿងស្រវឹង​សម្រាប់អ្នកបើកបរ តាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះបង្ហាញថា មានការថយចុះទាំងអ្នកស្លាប់ និងទាំងករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យកត់សម្គាល់ ។

លោកគឹម បញ្ញា  ថ្លែងថា៖ «ការអនុវត្តច្បាប់ គឺវិធានការមួយ និងចាំបាច់ត្រូវតែធ្វើ  គ្រាន់តែថាការអនុវត្តតែងតែមានចំណុចខុសឆ្គង និងមិនល្អខ្លះ។ ដូច្នេះប្រជាពលរដ្ឋរបស់យើងគួររិះគន់​ក្នុងន័យស្ថានា ហើយអាជ្ញាធរនិងមន្ត្រីដែលទទួលបន្ទុកលើការអនុវត្តច្បាប់ ក៏ត្រូវបើកចិត្តទទួលយកនូវការរិះគន់ដើម្បីស្ថាបនា ដើម្បីធ្វើឱ្យការពង្រឹង និងវិធានការបស់យើងបានកាន់តែរលូននិងល្អប្រសើរទាក់ទាញបានការចូលរួមពីប្រជាពលរដ្ឋឈានដល់ការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ»។

ការដាក់ចេញវិធានការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក  ជាពិសេសត្រួតពិនិត្យលើ អ្នកបើកបរមានគ្រឿងស្រវឹង របស់មន្ត្រីនគរបាលទាំងយប់ និងទាំងថ្ងៃនៅលើដងផ្លូវនាំឱ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនេះ  ក្រោយពេលដែល សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មានកាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានចេញបញ្ជា ទៅអគ្គស្នងការនគរបាលជាតិត្រូវពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសពិនិត្យរកជាតិអាល់កុលលើអ្នកបើកបរ យានយន្តគ្រប់ប្រភេទទាំងអស់ឡើងវិញ ដើម្បីចូលរួមកាត់បន្ថយ នូវគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតក្នុងអត្រាគ្រោះថ្នាក់ទាបបំផុត។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ននេះបានក្លាយទៅជាគ្រោះថ្នាក់លំដាប់ទីមួយ បានសម្លាប់អាយុជីវិតប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ក្នុងនោះមានអ្នកស្លាប់ អ្នករងរបួស និងពិការរាងកាយ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី​មានប្រសាសន៍ណែនាំ ដោយផ្ទាល់យ៉ាងច្បាស់ ​និងប្រកបដោយភាពម៉ឺងម៉ាត់​ ឱ្យឃាត់ខ្លួន​និងវាយខ្នោះជាបន្ទាន់​រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហើយបើកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស​ ឬស្លាប់​ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស​ ឬស្លាប់។

ទន្ទឹមនឹងការរិះគន់មួយចំនួន ពីសំណាក់ពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរឹតបន្តឹង នៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះឱ្យមានប្រសិទ្ធិភាព ដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យមានអត្រាទាបបំផុត។

នៅកម្ពុជា គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយសម្រាប់ប្រជាពលរដ្ឋ និងសង្គមកម្ពុជាទាំងមូល។ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស និងបង្កឱ្យមានអ្នករងរបួសធ្ងន់ស្រាល នៅលើដងផ្លូវជាច្រើនពាន់នាក់ ក្នុងមួយឆ្នាំៗ និងបង្កឱ្យការខាតបង់ថវិកា អស់ប្រមាណជាង ៣០០លានដុល្លារ។ មូលហេតុនៃគ្រោះថ្នាក់ ភាគច្រើនលើសលុប បង្កឡើងពីការមិនគោរព ច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលធ្វើដំណើរលើដងផ្លូវ ការវ៉ាជែងខុសប្រក្រតី និងបើកបរក្នុងស្ថានភាពស្រវឹង។

យោងតាមរបាយការណ៍ ក្រសួងមហាផ្ទៃ បង្ហាញថា រយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១,៥០០នាក់ បានស្លាប់នៅលើដងផ្លូវដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមាន សោកនាដកម្មនេះ គឺភាគច្រើននៃការបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថ អាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ​ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។

បើទោះបីកម្ពុជា មានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សម្រាប់ឱ្យអ្នកប្រើប្រាស់ផ្លូវអនុវត្ត ក៏ដោយឧបនាយករដ្ឋមន្ត្ រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  លោក ស សុខា សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅបំពានដោយចេតនាយ៉ាងច្បាស់ក្រឡែត។ ការបំពាននេះ ជាហេតុបណ្ដាលឱ្យសោកនាដកម្ម លើដងផ្លូវបន្តកើតមានឥតលោះថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោក ជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ៤នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ រឿងហេតុនេះបានកើតឡើងទាំងក្នុងពេលដែលសាធារណមតិកំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។

លោក ស សុខា​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានសេចក្ដីសង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹងនឹងភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ពិសេសរួមគ្នាលុបបំបាត់ចោលនូវទម្លាប់បើកបរទាំងក្នុងស្ថានភាពស្រវឹងតាមពាក្យស្លោក «បើស្រវឹងកុំបើកប» «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

មាត្រា​៨៥​ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ចែងថា អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង​ ដោយមានអត្រាជាតិអាល់កុលចាប់ពី​ ០,៤០​មីលីក្រាមក្នុងមួយលីត្រខ្យល់​ឬចាប់ពី​ ០,៨០​ក្រាម​ ក្នុងមួយលីត្រឈាម​ឡើងទៅ​​ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់​ជាដើម​ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ​២ ​ទៅ​ ៥ឆ្នាំ។ នេះដោយមិនគិតពិការពិន័យជាប្រាក់ ​និងសំណងរដ្ឋប្បវេណីនៅឡើយទេ។

មន្ត្រីសង្គមស៊ីវិលដែលធ្វើការផ្នែកចរាចរណ៍បានអះអាងថា ការដាក់មន្ត្រីប៉ូលីសតាមគោលដៅនានានៅតាមដងវិថីនេះ គឺមិនមែនដើម្បីឱ្យតែល្អមើលនិងដើម្បីលុយដូចការចោទប្រកាន់នោះឡើយ។ ជាការពិតណាស់ ការដាក់មន្ត្រីអនុវត្តន៍ច្បាប់នៅតាមគោលដៅនានាតាមដងវិថី គឺដើម្បីពង្រឹងច្បាប់ឱ្យមានប្រសិទ្ធភាព តម្លាភាពប្រកបដោយចីរភាព ការអភវិឌ្ឍ និងសុខសន្តិភាព៕

To Top