ព័ត៌មានជាតិ

កម្មកររោងចក្រ Y & Wសប្បាយចិត្ត និងថ្លែងអំណរគុណ រដ្ឋាភិបាល ដែលបាននាំឱកាសការងារ ដល់បន្ទប់ស្នាក់នៅ

ភ្នំពេញ ៖ កម្មករកម្មការិនី នៃរោងចក្រ Y & W បានថ្លែងអំណរគុណ និងសប្បាយចិត្តរីករាយ ចំពោះរាជរដ្ឋាភិបាល ដែលបានបញ្ជូនក្រុមការងារ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យផ្សព្វផ្សាយ និងពន្យល់ពីពីឱកាសការងារថ្មី និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម រួមទាំងដំណោះស្រាយ របស់ក្រសួងការងារ ដែលបានដាក់ចេញ ដើម្បីប្រយោជន៍ជូនកម្មករនិយោជិត ។

មានអាយុ២៤ឆ្នាំ កញ្ញា​ ហ៊ល ឡៃហ៊ាក ជាកម្មករផ្នែកឡេវ នៃរោងចក្រ Y & W ដែលមានទីលំនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានឱ្យដឹងថានៅថ្ងៃអាទិត្យទី១៧ ខែមីនានេះ ក្រុមការងារនៃបេឡាជាតិសន្តិសុខសង្គម និងទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើដំណើរមកដល់បន្ទប់ស្នាក់នៅរបស់កម្មករដែលនៅជុំវិញរោងចក្រ Y & Wដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំងដំណោះស្រាយដែលក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញដើម្បីប្រយោជន៍កម្មករ។

កញ្ញា ហ៊ល ឡៃហ៊ាក កម្មការិនីរោងចក្រ Y&W

សម្រាប់កញ្ញារូបនេះ រាជរដ្ឋាភិបាល ពិតជាបានយកចិត្តទុកដាក់ ចំពោះកម្មករដោយបារម្ភពីសុខទុក្ខ និងជីវភាព របស់កម្មករ ដោយខ្លាចបងប្អូនកម្មករ នៅរោងចក្រ Y & W មិនមានចំណូលមិនមានការងារ ដើម្បីសម្រួលដល់ជីវភាព ។

ទន្ទឹមនឹងនេះ កញ្ញាភួង ស្រីនិច្ច អាយុ២១ ជាកម្មករផ្នែកអ៊ុត នៃរោងចក្រ Y & Wដែលមានទីលំនៅក្នុងភូមិព្រែកកំពឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក៏បានសប្បាយចិត្តចំពោះការចុះមកផ្តល់ឱកាសការងារ និងការពន្យល់ពីអត្ថប្រយោជន៍ប.ស.ស. រួមទាំងដំណោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះកម្មកររោងចក្រ Y & W ទាំងអស់។

កញ្ញា ភួង ស្រីនិច្ច កម្មការិនីរោងចក្រ Y&W

ទន្ទឹមនឹងនេះ កញ្ញា ភួង ស្រីនិច្ច បានអំពាវនាវ ដល់កម្មករនៅរោងចក្រ Y & W ទាំងអស់ដែលចង់ បានឱកាសការងារធ្វើភ្លាមៗ អាចមកចុះឈ្មោះស្វែងរកការងារធ្វើជាមួយភ្នាក់ងារ របស់ក្រសួងការងារនៅខាងមុខរោងចក្រ Y &W ផ្ទាល់ដែលកំពុងប្រចាំការរាល់ថ្ងៃ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារជាង ២៥០០ កន្លែងជូនដល់បងប្អូនកម្មករ កម្មការិនីនៃរោងចក្រY & W ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ ។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនកម្មករ ដែលកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន មកទទួលសេវា ជួយរកការងារធ្វើពី NEA ដើម្បីឱ្យបងប្អូនអាច ទទួលបានការងារថ្មីឆាប់រហ័ស និងមានប្រាក់ខែបន្តភ្លាមៗ ៕

To Top