ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ភាព អនាធិបតេយ្យ តាមដងផ្លូវសាធារណៈសម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បញ្ជាឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យ និងណែនាំពីលក្ខណៈបច្ចេកទេស ស៊ីផ្លេរថយន្ត ក្រោយផ្ទុះសកម្មភាពយុវជន និងកុមាររាំលេង តាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេ របស់រថយន្ត។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះ តាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន និងកុមារ ធ្វើសកម្មភាពរាំលេង តាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យ សម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។
សម្ដេច បន្ដថា ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
សម្ដេច គូសបញ្ជាក់ថា «ដើម្បីឱ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹង លក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ជាពិសេស សម្ដេច សូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាព រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការ ឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់ សកម្មភាពអនាធិបតេយ្យ ដែលប៉ះពាល់ដល់ សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្ដេច ក៏បានអំពាវនាវ ដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេ ដែលនាំឱ្យមានការលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ ។
លើសពីនេះ សម្ដេច ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេង តាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាព រាំលេងតាមដងផ្លូវ៕