ព័ត៌មានជាតិ

៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៨ នៅសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៥៥ម៉ឺននាក់

ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ ទទួលបានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

របាយការណ៍ដដែល បានឲ្យដឹងថា ស្ថិតិអ្នកទេសចរចូលរួមកម្សាន្ត ក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានដូចជា ៖ ថ្ងៃទី១ មានទេសចរសរុបប្រមាណ ១៦០.២៧២ នាក់ ក្នុងនោះ ទេសចរជាតិប្រមាណ ១៥០.០០០ នាក់ ខណៈពលរដ្ឋក្នុងខេត្តសៀមរាបផ្ទាល់មានប្រមាណ ៦៥.០០០ នាក់ , ទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។

សម្រាប់ថ្ងៃទី២វិញ មានទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ដោយពលរដ្ឋក្នុងខេត្តសៀមរាប ផ្ទាល់មានប្រមាណ ១៥៨.០០០ នាក់ , ទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។

ចំណែកថ្ងៃទី៣ ទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់ ដោយពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់ , ទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។

ដូច្នេះសរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមាន៖ ទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់, ទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។

សូមបញ្ជាក់ថា ពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» និងការប្រកាសបើកយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១៦ ខែមីនា ។

គោលបំណងនៃពិធីបុណ្យទន្លេ ដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តឲ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្ម ទេសចរណ៍ឲ្យកាន់តែសម្បូរបែប ទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា បានកាន់តែច្រើនថែមទៀត ៕

To Top