ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានទទួលជួបលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា អនុប្រធាន គណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power ប្រទេសថៃ និងជាប្រធានគណបក្សភឿថៃ នៅវិមានព្រឹទ្ធសភា ។
លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ត្រូវជាកូនស្រីពៅរបស់លោក ថាក់ ស៊ីនស៊ីណាវ៉ាត្រា ដែលជាបងប្អូនធម៌របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃ១៨ មីនានេះ តបតាមការអញ្ជើញពីសំណាក់សម្តេចតេជោផ្ទាល់តែម្តង ក្នុងគ្រាសម្តេចបានធ្វើដំណើរទៅសួរសុខទុក្ខលោកថាក់ ស៊ីននៅទីក្រុងបាងកក កាលពីថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីលោកបានដោះលែងឲ្យនៅក្រៅឃុំនិងអនុញ្ញាតឲ្យមកនៅផ្ទះវិញ បានអញ្ជើញលោកស្រីមកបំពេញទស្សនកិច្ចដើម្បីរឹតចំណងមិត្តភាពបន្ថែមទៀត ។
សម្រាប់ដំណើរទស្សនកិច្ចរបស់លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រានេះ សម្តេចប្រមុខរដ្ឋស្តីទី បានចាត់ទុកថា បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនងថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែរឹងមាំស៊ីជម្រៅជាងនេះទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានបង្ហាញអំពីសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ និងត្រូវបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”៕