ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ រយៈពេលបីថ្ងៃនៃបុណ្យទន្លេ មានភ្ញៀវទេសចរ មកកម្សាន្ត ជាងកន្លះលាននាក់

ភ្នំពេញ៖ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមាន​ទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់ ​ទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។

​ក្នុងដំណើរទស្សនកិច្ច​ ដឹកនំាដោយក្លឹប​អ្នកកាសែតកម្ពុជា ថ្ងៃទី៣នៃបេសកកម្មក្រុមអ្នកសារព័ត៌មាន បានបន្តជួបជាមួយ
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន នៅមុខប្រាសាទអង្គរវត្ត លោកបានបង្ហាញថា ​ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤​ មានជាងកន្លះលាននាក់។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ​ស្ថិតិអ្នកទេសចរចូលរួមកម្សាន្ត ក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានដូចខាងក្រោម៖ ថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ អ្នកទេសចរសរុបប្រមាណ ១៦០.២៧២ នាក់ ក្នុងនោះ ​ទេសចរជាតិ ប្រមាណ ១៥០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់
ទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។

ថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០ នាក់ ទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។

ថ្ងៃទី៣ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់
ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់ ទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។

នៅក្នុងកិច្ចសន្យានោះដែរ លោក​ សុខ សូកេន បានបង្ហាញនូវការជឿជាក់ថា នៅឆ្នាំ២០២៤នេះ វិស័យទេសចរណ៍នៅកម្ពុជា នឹងមានការកើនឡើងវិញដូច ឬលើស កាលពីឆ្នាំ២០១៩ គ្រាដែលមិនទាន់មានការរីករាលដាលជំងឺ Covid-19 តាមរយៈគម្រោងជាច្រើន ដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានត្រៀមនឹងធ្វើនៅឆ្នាំ២០២៤នេះ។

​ក្រោយបញ្ចប់កិច្ចសម្ភាសជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមអ្នកសារព័ត៌មានបានបន្តដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុក ដើម្បី​ទស្សនាពីការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋលើការនេសាទត្រី ក្នុង​បឹងទន្លេសាប។

​តាមរយៈ លោក សាង គង់ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបានឲ្យដឹងថា នៅក្នុងសហគមន៍កំពងភ្លុកនេះ មានប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសារ ប៉ុណ្ណោះ ដោយពីភាពមិនរៀបរយៈនិងមិនមានការរីកចម្រើន នៃជីវភាពរបស់ពួកគាត់ លោកក៏បានពិភាក្សារៀបចំជាសហគមន៍ចំនួន៣ គឺសហគមន៍នេសាទត្រី ទូកទេសចរកំពង់ភ្លុក និងទេសចរធម្មជាតិកំពង់ភ្លុក។ ​

លោកបានបន្តថា សហគមន៍នេះបង្កើតឡើងតាំងពីឆ្នាំ២០១៣​ ​ដើម្បីឲ្យពួកគាត់ក្រៅពីរបរនេសាទត្រី ពួកអាចមានជាទូកដឹកភ្ញៀវទេសចរ ទៅទស្សនាព្រៃលិចទឹកធម្មជាតិ និងសត្វបក្សីជាច្រើនប្រភេទ ការទស្សនាការរស់នៅរបស់ពលរដ្ឋ និងការធ្វើត្រីឆ្អើ ប្រហុកជាដើម។ លោកបានបញ្ជាក់ទៀតថា ភ្ញៀវទេចរដែលនិយមមកលេងទីតាំង​​នេះមានភ្ញៀវជាតិ​និងអន្តរជាតិ ហើយខែដែរល្អក្នុងការមកកម្សាន្ត មានចាប់ពីខែសីហា ដល់ខែមករា ជាពេលដែលទន្លេសាបមានទឹកច្រើន។

​យ៉ាងណា លោកប្រធានសហគមន៍ទេចរណ៍ធម្មជាតិ កំពង់ភ្លុក ក៏សូមស្នើ​ដល់រដ្ឋាភិបាលជួយ ក្នុងការស្ដារប្រឡាយដៃទន្លេ ដែលជាផ្លូវធ្វើដំណើរទៅទន្លេសាបរបស់ទូកទេសចរណ៍ និងសូមឲ្យជួយសាងសង់ផ្លូវបេតុង ដើម្បីភាពងាយស្រួលដល់ប្រជាសហគមន៍ និងភ្ញៀវទេសចរណ៍ផងដែរ៕

To Top