ភ្នំពេញ ៖ ក្រោយសមត្ថកិច្ចចម្រុះ ចំនួន១០ក្រុម ដែលមានកម្លាំងសរុប៧៨៩នាក់ បានបើកប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមីនា បានចុះឃ្លុំដីទំហំចំនួនទីតាំង ៣៩៤២,៧៣ ហិកតា ឃុំខ្លួនជនសង្ស័យ១នាក់ ទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ និងអប់រំមនុស្សចំនួនថែមទៀត។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-18_12-24-16-1024x682.jpg)
ការបូកសរុបការងារប្រតិបត្តិការលើកទី១ បានធ្វើឡើង នៅថ្ងៃទី១៧ មីនា នៅសាលាស្រុកវាលវែងខេត្តពោធិ៍សាត់ ។
ប្រតិបត្តិការនេះ បន្ទាប់ពីមានបញ្ជា ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យអាជ្ញាធរ ពាក់ព័ន្ធពង្រឹងការគ្រប់គ្រង ធនធាធម្មជាតិ នៅតាមភូមិសាស្រ្តនានាទូទាំងប្រទេស ។ ប្រតិបត្តិការទ្រង់ទ្រាយធំ របស់សមត្ថកិច្ចចម្រុះបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ក៏បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និង ជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ និងបញ្ជាការកងឯកភាពខេត្ត ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-18_12-24-52-1024x683.jpg)
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ១៥ មីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំអាជ្ញាធរ ពាក់ព័ន្ធយកចិត្តទុកដាក់ លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដើម្បីកុំឲ្យមានជនឆ្លៀត ឱកាសបំផ្លាញធនធានធម្មជាតិ។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-18_12-25-12.jpg)
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ៖
១- ការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស ។ ២- ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ។ ៣- បន្តសហការជាមួយបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ សំដៅឲ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនគម្របព្រៃ ឈើបាន៦០% នៅឆ្នាំ២០៥០ ៕
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-18_12-28-40-1024x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)