ព័ត៌មានជាតិ

មន្ទីរសាធារណការ ខេត្តកណ្ដាល នឹងបើកការដ្ឋានជួសជុល កំណាត់ផ្លូវខេត្តលេខ១១០ និងស្ថាបនាលូ ចាប់ពីថ្ងៃ១៨ មីនា

ភ្នំពេញ ៖ កំណាត់ផ្លូវខេត្តលេខ១១០ និងការស្ថាបនាលូ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល នឹងត្រូវបើកការដ្ឋានជួសជុលនិងស្ថាបនា ចាប់ពីថ្ងៃទី១៨ មីនា ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ ខេត្តកណ្តាល ។

តាមរយៈសេចក្ដីជូនដំណឹងបានឲ្យដឹង មន្ទីរសាធារណការ នឹងបើកការដ្ឋានជួសជុល កំណាត់ផ្លូវខេត្តលេខ១១០ និងស្ថាបនាលូ តាមបណ្ដោយសងខាងផ្លូវ ចាប់ពីថ្ងៃ១៨ មីនា នេះរហូតដល់គម្រោងត្រូវបញ្ចប់ ដែលរួមមានដូចខាងក្រោម៖

១. ការងារជួសជុលផ្លូវ ដោយចាក់កៅស៊ូប្រភេទDBST ដោយកន្លែង ប្រវែងសរុប ៤៥០ម៉ែត្រ ទទឹង ៩ម៉ែត្រ ចិញ្ចើមដីល្បាយថ្មទទឹង ១ម៉ែត្រសងខាង ព្រមទាំងគូសគំនូសសញ្ញាចរាចរណ៍ ទំហំ ១៧៤ម៉ែត្រការ៉េ ដាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន ២ផ្លាក(ចន្លោះគ.ម២៣+៥៥០ ដល់គ.ម២៤+០០០) សាងសង់លូបេតុងសរសៃដែកមុខកាត់ ០,៨០ម៉ែត្រ តាមបណ្តោយសងខាងផ្លូវប្រវែង ១ ៣៨០ម៉ែត្រ និងអណ្ដូងលូទំហំ ១,៦ម៉ែត្រx១,៦ម៉ែត្រ ចំនួន ៤៨កន្លែង(ចន្លោះគ.ម២៣+៥១៦ ដល់គ.ម២៦+២៣២) ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល។

២. ការងារស្ថាបនាផ្លូវ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ដោយចាក់ក្រាលកៅស៊ូប្រភេទ DEST ប្រវែងសរុប ១ ០៤០ម៉ែត្រ ទំទឹង ៩ម៉ែត្រ ចិញ្ចើមដីល្បាយថ្មទីទឹង ១ម៉ែត្រសងខាង គូសគំនូស សញ្ញាចរាចរណ៍ ៤៣៤ម៉ែត្រការ៉េ ដាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន ១២ផ្លាក ស្ថាបនាលូបេតុងសរសៃដែក មុខកាត់ ០,៨ម៉ែត្រ ប្រវែង ២ ០៤៨ម៉ែត្រ អណ្ដូងលូទំហំ ១,៦ម៉ែត្រx១,៦ម៉ែត្រ ចំនួន ៧២កន្លែង មុខឈ្នាងចុងទឹក(Outlet) ចំនួន ៤កន្លែង និងស្ថាបនាខឿនបេតុងអមសងខាងផ្លូវប្រវែង ៨៩៤ម៉ែត្រ (ចន្លោះគ.ម៣២+៦៦៣ ដល់គ.ម៣៨+៩៤២) ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ៕

To Top