ភ្នំពេញ ៖ ប្រធានរដ្ឋសភាស្តីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី១៨ ខែមីនា រវាងលោកបណ្ឌិត ជាម យៀប និងលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ ភាគីទាំង២បានលើកឡើងថា «ជំនួបនាពេលនេះ គឺនឹងជំរុញទំនាក់ទំនងរវាងគណបក្សយើងទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ឲ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផល ប្រយោជន៍សម្រាប់ប្រជាជន នៃទាំងពីរប្រទេស»។

លោក ផែតុងតាន លើកឡើងពីទំនាក់ទំនងរដ្ឋសភានៃ ប្រទេសទាំងពីរដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់លោក Wanmuhamadnoor Matha ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១-២៣ ខែមីនា ខាងមុខ។

ក្នុងជំនួបនោះលោកជាម យៀប បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានលើកកម្ពស់ ទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ហើយនេះជាសក្ខីភាពបង្ហាញ ពីការរីកលូតលាស់ នៃភាពសម្បូរបែបនៅក្នុង ទំនាក់ទំនងទ្វេភាគី និងបន្តការរីកចម្រើនរួមក្នុងយុគសម័យថ្មី ។

ប្រធានរដ្ឋសភាស្ដីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃទាំងក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពិសេសលើវិ ស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ដែលមានសន្ទុះគួរឲ្យកត់សម្គាល់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកថា ប្រទេសទាំងពីរ គួរបង្កឲ្យមានលក្ខណៈ ងាយស្រួលដល់ច្រករបៀងទេសចរណ៍ រវាងប្រទេសទាំងពីរ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ធ្វើយ៉ាងណាឲ្យសន្ទុះ នៃវិស័យទេសចរណ៍កើនឡើងទ្វេដង ដើម្បីជាផលប្រយោជន៍រួម ៕
