ព័ត៌មានជាតិ

៧ថ្ងៃមុន នគរបាល បង្ក្រាបល្បែងស៊ីសង ខុសច្បាប់២៣ទីតាំង ឃាត់ខ្លួន ៨៥នាក់

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១១-១៧ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់បានចំនួន២៣ទីតាំង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៨៥នាក់ ចាត់ការតាំងជំនាញ និងច្បាប់ ។ នេះបើផ្អែកតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

អ្នកនាំពាក្យរងរូបនេះ ពន្យល់ថា ការបង្ក្រាប ចំនួន១៤ទីតាំង ដែលមានករណីល្បែងភ្នាល់ តាមអ៊ីនធើណេតចំនួន១០ទីតាំង ត្រូវនគរបាលអនុវត្ត វិធានការច្បាប់ ពោលគឺ កសាងសំណុំរឿងទៅតុលាការ ។ ក្នុងនោះ ក៏មានអ្នកពាក់ព័ន្ធ ចំនួន៥៩នាក់ផងដែរ ដែលត្រូវទុកជូនតុលាការចាត់នីតិវិធី។ លោកបន្តថា ក្នុងចំណោម១៤ទីតាំងនេះ នគរបាលបង្ក្រាបក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពត ឧត្តរមានជ័យ និងខេត្តកំពង់ចាម។

ផ្ទាំងពាណិជ្ជកម្ម

លោក ទូច សុឃៈ ថ្លែងទៀតថា ចំនួន៩ទីតាំង ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពត និងខេត្តស្វាយរៀង ដែលនគរបាលបង្ក្រាបបាន ពុំកសាងសំណុំរឿងបញ្ជូនទៅតុលាការទេ គឺគ្រាន់តែចាត់វិធានការរដ្ឋបាល ដោយអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិ ចំនួន២៦នាក់៕

To Top