ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ បានណែនាំឱ្យបង្កើន ការផ្សព្វផ្សាយ ពីសកម្មភាព របស់គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ ឱ្យទូលំទូលាយដល់សាធារណជន ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការ ។ ការជំរុញនេះ គឺធ្វើឡើងក្នុងអំឡុង ពេលដែលលោករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិប្រឆាំង ពលកម្មកុមារ ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី បានថ្លែងថា ការពង្រឹងការផ្សព្វផ្សាយ នឹងធ្វើឱ្យសាធារណជន បានដឹងពីកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក៏ដូចជាកិច្ចខិតខំប្រឹង ប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់ សកម្មភាពប្រឆាំង ពលកម្មកុមារ ហើយក៏នឹងរួមចំណែក យ៉ាងខ្លាំង ដល់កិច្ចការពារកុមារឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំ នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នា២០២៤នេះ គឺជាកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិប្រឆាំង ពលកម្មកុមារ ដែលមានគោលបំណង បង្ហាញ ពីសមាសភាព នៅក្នុងសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាព របស់គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ (គ.ព.ជ.) ក្នុងអាណត្តិថ្មី និងការបង្កើនកិច្ចការសហការអន្តរក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព ។
ក្នុងកិច្ចប្រជុំនេះដែរ ក្រោយពីការប្រកាស សមាសភាពក្នុងអាណត្តិថ្មី កិច្ចប្រជុំបានពិភាក្សា យ៉ាងផុសផុល ពីសំណាក់ក្រសួងពាក់ព័ន្ធនានា ដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការផងដែរ ។

ទន្ទឹមនឹងនេះ ក្រៅពីការបង្កើនការ ផ្សព្វផ្សាយ លោករដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការ ត្រូវមានភាពបុរេសកម្ម និងធ្វើសកម្មភាព ឱ្យមានប្រសិទ្ធបន្ថែមទៀត ដើម្បីបង្ហាញពីវឌ្ឍនភាព និងភាពកាន់តែប្រសើរឡើងបន្ថែមទៀត ជុំវិញការប្រឆាំងពលកម្មកុមារ ៕










