ព័ត៌មានជាតិ

រោងចក្រចំនួន៦ មកពីតំបន់សេដ្ឋកិច្ចពិសេស មកសម្ភាស ជ្រើសរើសកម្មករ Y & W ដល់រោងចក្រ

ភ្នំពេញ ៖ រោងចក្រចំនួន៦ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករ និយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ឱ្យចូលបម្រើ ការងារភ្លាមៗ ។

សម្រាប់ឱកាសការងារនេះ កម្មករនិយោជិត នៃរោងចក្រ Y&W អាចមកដាក់ពាក្យ នៅមុខរោងចក្រ Y&Wផ្ទាល់ ហើយទទួលបានការសម្ភាសន៍ភ្លាមៗ តែម្តង។ ការជ្រើសរើសនេះមានរោងចក្រ ក្រុមហ៊ុន ហ៊ីតូ អេស៊ា ខេមបូឌា ឯ.ក ជ្រើសរើសកម្មករនិយោជិតចំនួន ៤០នាក់, ក្រុមហ៊ុន យេ ផេនរ៉ក អេសអ៊ី អេ (ភ្នំពេញ) ឯ.ក ជ្រើសរើស១០០នាក់, ក្រុមហ៊ុន រីង អេឡិចត្រូនិក (ខេមបូឌា) ឯ.ក ជ្រើសរើស ២០នាក់, ក្រុមហ៊ុន សេការ៉ា (ខេមបូឌា) ថេកណូឡូជី ឯ.ក ជ្រើសរើស២០នាក់, ក្រុមហ៊ុន ម៉ាវ៉ល់ ហ្គាមិន ឯ.ក ជ្រើសរើស១៥០ និងក្រុមហ៊ុន ដាប់ប៉ែលយូស៊ីអេហ្វអូ (ខេមបូឌា) ឯ.ក រើស១០នាក់។

លោកស្រី ឆាត ចាន់ថន ដែលជាកម្មការិនី នៃរោងចក្រ Y & W បានលើកឡើងថា៖ «ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីធ្វើនៅពេលនេះ ពីព្រោះឱកាសការងារ បានមកដល់កន្លែងហើយតាមរយៈក្រសួងការងារ ដូច្នេះខ្ញុំត្រូវតែឆ្លៀតពេលមករកការងារថ្មី ដើម្បីទទួលបានប្រាក់ ចំណូលផ្គត់ផ្គង់គ្រួសារបន្តទៀត»។

លោកស្រី ឆាត ចាន់ថន ដែលជាកម្មការិនីនៃរោងចក្រ Y & W

លោកស្រីបន្ថែមថា ការមកដាក់ពាក្យរកការងារថ្មីនេះ ដោយសារកម្មការិនីរូបនេះជឿទុកចិត្តលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារលើករណី ថៅកែរោងចក្រ រត់ចោលកម្មករ ហើយលោកស្រីសង្ឃឹមថា នឹងទទួលបានការដោះស្រាយ ជូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នានាពេលឆាប់ៗខាងមុខនេះ។

លោក ញ៉ុល សារ៉ុម ដែលជាកម្មករ និយោជិត នៃរោងចក្រ Y & W ម្នាក់ទៀតបានលើកឡើងថា ៖ «ខ្ញុំសម្រេចចិត្តមកដាក់ពាក្យ រកការងារថ្មី នៅពេលនេះពីព្រោះឱកាសការងារបានមកដល់កន្លែងហើយ ដោយមិនចាំបាច់ទៅរកខ្លួនឯងនោះទេ ជាពិសេសនោះដាក់ពាក្យភ្លាម សម្ភាសភ្លាម ដឹងលទ្ធផលលឿនទៀតផង»។

លោក ញ៉ុល សារ៉ុម ដែលជាកម្មករនិយោជិតនៃរោងចក្រ Y & W

លោក អ៊ន ប៊ុនណា មន្រ្តីជ្រើសរើសបុគ្គលិក តំបន់សេដ្ឋកិច្ចពិសេស បានលើកឡើងថា ឱកាសការងារជាច្រើនរយកន្លែង បានយកមកធ្វើការផ្សព្វផ្សាយ ជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រ Y&W នៅថ្ងៃនេះ ហើយកម្មករនិយោជិតទាំងអស់ អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។

លោក អ៊ន ប៊ុនណា ដំណាងមន្ត្រីជ្រើសរើសបុគ្គលិកនៅតំបន់សេដ្ឋកិច្ចពិសេសរោងចក្រទាំង៦

លោកថា៖ «ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនកម្មករនិយោជិត នៃរោងចក្រ Y&W ទាំងអស់មកដាក់ពាក្យ ដើម្បីទទួលបានឱកាសបម្រើការងារ នៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ដែលបងប្អូនកម្មករនិយោជិតទាំងអស់ ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ»។

លោកបន្ថែមថា កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ ជាច្រើនក្នុងនោះ កម្មករនិយោជិតទទួលបានប្រាក់ខែចំនួន ២០២ ដុល្លារ (សាកល្បង៣ខែ) និង២០៤ ដុល្លារក្នុងមួយខែ (ពេញសិទ្ធិ), ផ្តល់លុយព្រីម ១៥ដុល្លារក្នុង១ខែ, ប្រាក់ស្នាក់នៅ និងធ្វើដំណើរ ១០ដុល្លារក្នុងមួយខែ, ប្រាក់បាយថ្ងៃត្រង់ ៣២០០រៀលក្នុងមួយថ្ងៃ, ផ្តល់ប្រាក់បាយថែមម៉ោង ២ម៉ោង ចំនួន៣០០០រៀលរាល់ពេលថែមម៉ោងក្នុង១ថ្ងៃ។

ក្រៅពីនេះកម្មករនិយោជិត ក៏នឹងមានប្រាក់រង្វាន់ពេលដេរ លើសចំនួន, ផ្តល់ប្រាក់ជំនាញ, ផ្តល់ប្រាក់៥% និងប្រាក់អតីតភាពការងារ ស្របតាមច្បាប់ស្តីពីការងារ និងមធ្យោបាយធ្វើដំណើរ ៕

To Top