ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក ទទួលជួបពិភាក្សាការងារជាមួយ លោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ (K-Water)

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ(K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី(AWC) ដឹកនាំ គណៈប្រតិភូកូរ៉េចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកប្រធាន សាជីវកម្មទឹកកូរ៉េ និងគណៈប្រតិភូ ដែលបានឆ្លៀត ពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាការងារ កិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់ រវាងក្រសួងធនធានទឹក និងឧតុនិយម និងសាជីវកម្មទឹកកូរ៉េ (K-Water) ក៏ដូចជាក្រុមប្រឹក្សាទឹកអាស៊ី(AWC) ក្នុងការកសាង និងការអភិវឌ្ឍវិស័យ ធនធានទឹក និងឧតុនិយមនៅកម្ពុជា ។

លោករដ្ឋមន្ត្រី បានជម្រាបប្រាប់គណៈប្រតិភូសាជីវកម្មកូរ៉េថា ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសាកលលោក កំពុងប្រឈមនឹងការ ប្រែប្រួលអាកាសធាតុ និងការឡើង កម្តៅ នៃភពផែនដី ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមដែលជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធទឹក និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញ ដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

ឆ្លៀតក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យសាជីវកម្មទឹកកូរ៉េ ពិចារណាផ្តល់ជំនួយបន្ថែមលើវិស័យឧតុនិយម ជាពិសេសជួយទាំងបច្ចេកទេស ការជួសជុល និងការដំឡើងស្ថានីយរ៉ាដា Doppler បន្ថែមហោចណាស់ ៤-៥ នៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពការព្យាករ និងកាត់បន្ថយហានិភ័យ ពីគ្រោះមហន្តរាយធម្មជាតិ។

លោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ សាជីវកម្មទឹកកូរ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងនឹងបញ្ហាអាកាសធាតុ និងគម្រោងនានាពាក់ព័ន្ធទឹក និងការប្រែប្រួលអាកាស ធាតុក្រោមជំនួយ អភិវឌ្ឍន៍ផ្លូវការកូរ៉េ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព ។ ជាមួយគ្នានេះលោកប្រធានបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងធនធានទឹក និងឧតុនិយមនាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ លោកប្រធានសាជីវកម្មទឹកកូរ៉េក៏នឹងអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីនិងគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិកាទឹកពិភពលោកនាខែឧសភា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងជាច្រើន ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាជីវកម្មទឹកកូរ៉េ(K-Water) និងក្រុមប្រឹក្សា ទឹកអាស៊ី(AWC) គិតចាប់តាំងពីឆ្នាំ១៩៩៩មាន៖ ទី១)ផែនការគ្រប់គ្រងទឹកជំនន់សម្រាប់ការអភិវឌ្ឍ តំបន់ដីសណ្ដទន្លេមេគង្គ ទី២)គម្រោងស្តារប្រព័ន្ធ ធារាសាស្ត្របឹងតាមោក ទី៣)ផែនការមេនៃការអភិវឌ្ឍធនធានទឹក នៅកម្ពុជា ទី៤) គម្រោងសិក្សាសមិទ្ធិលទ្ធភាព លើការអភិវឌ្ឍទំនប់ពហុបំណងពោធិ៍សាត់ ទី៥)ការសិក្សាគម្រោងអាងទឹកស្ទឹងក្រាំងពន្លៃ និងជាទីប្រឹក្សាលើការសិក្សាគ្រោងប្លង់លម្អិត និងត្រួតពិនិត្យគម្រោង អភិវឌ្ឍន៍អាងស្ទឹងក្រាំងពន្លៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ទី៦)ទីប្រឹក្សាលើការសិក្សា គ្រោងប្លង់លម្អិត និងត្រួតពិនិត្យគម្រោង អភិវឌ្ឍន៍ទំនប់មង្គលបូរី ទី៧)គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន និងទី៨) គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីស្ថិតក្នុងខេត្តបាត់ដំបង។

ដោយឡែកតាមរយៈ AWC K-Water មាន ទី១)គម្រោងគ្រប់គ្រងទឹកអាងដៃនៃទន្លេមេគង្គចំនួន៤ គឺព្រែកព្រះ ព្រែកគ្រាង ព្រែកកាំពី និង ព្រែកទេរ ទី២)ផែនការមេស្រុកគងពិសី ខេត្តកំពង់ស្ពឺ មួយផ្នែកនៃដងស្ទឹងព្រែកតូច ទី៣)ការសិក្សាលើគម្រោងគ្រប់គ្រងធនធានទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង ទី៤)ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលើការគ្រប់គ្រង ធនធានទឹកតាមវិធីសាស្រ្តចម្រុះ ទី៥)គាំទ្រលើការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំ និងវេទិកាទឹកថ្នាក់តំបន់ និងថ្នាក់សកលលោក ៕

To Top