ព័ត៌មានជាតិ

ក្រសួងព័ត៌មាន លុបប្រកាសអនុញ្ញាត អាជីវកម្មអង្គភាពសារព័ត៌មាន Life and Sport

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងព័ត៌មាន បានលុបប្រកាសអនុញ្ញាត ប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មានLife and Sport កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តាមប្រកាសលេខ០២០ ប្រក.ពម  ដោយមូលហេតុម្ចាស់អង្គភាព បានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនបានបំពេញកាតព្វកិច្ច របស់ខ្លួន ឱ្យបានត្រឹមត្រូវ តាមខ្លឹមសារដែលបានចែង ក្នុងការក្របខណ្ឌនៃប្រកាសអនុញ្ញាត ប្រកបអាជីវកម្មគេហទំព័រ ។ 

ក្រសួងបានជូនដំណឹង អំពីការលុបប្រកាសអនុញ្ញាត ប្រកបអាជីវកម្មនេះ ដល់ម្ចាស់អង្គភាពរួចហើយ និងបានផ្សព្វផ្សាយផងដែរ។

ក្នុងនោះក្រសួងបា ឲ្យដឹងថា បន្ទាប់ពីបានទទួលបណ្តឹងជាច្រើន អំពីទង្វើប្រព្រឹត្តប្រាសចាក នឹងក្រមសីលធម៌វិជ្ជាជីវៈ របស់អង្គភាពនេះ ក្រសួងព័ត៌មានបានអញ្ជើញម្ចាស់អង្គភាព មកណែនាំជាច្រើនដង ច្រើនសារមកហើយ ឱ្យបញ្ឈប់ទង្វើបំពានទាំងនោះ ហើយដើម្បីឱ្យងាកមកអនុវត្តការងាររបស់ខ្លួន ឱ្យត្រឹមត្រូវវិញ ប៉ុន្តែម្ចាស់អង្គភាពនេះ មិនបានទទួលយក និងអនុវត្តតាមការណែនាំ ទាំងនោះឡើយ ផ្ទុយទៅវិញ អង្គភាពនេះ បានបន្តបំពានក្រមសីលធម៌វិជ្ជាជីវៈ  មិនគោរពតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដដែល។ ហេតុដូច្នេះហើយ ទើបក្រសួងបានសម្រេចលុបប្រកាស អនុញ្ញាតប្រកបអាជីវកម្ម របស់អង្គភាពសារព័ត៌មាននេះ ។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បានសំណូមពរយ៉ាងទទូច ដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឲ្យបន្តគោរព និងប្រកាន់ខ្ជាប់ នូវការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ក៏ដូចជាពង្រឹងសមត្ថភាពជំនាញ កសាង និងរក្សាទំនាក់ទំនងល្អ ជាមួយប្រភពព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួន ក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្ត លើសពីតួនាទីនិងភារកិច្ចខ្លួន ជាអ្នកសារព័ត៌មាននោះទេ ដើម្បីរួមគ្នាលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន។

ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារមានគុណភាព ដោយត្រូវធានាថាជាព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យព័ត៌មាន ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕

To Top