ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាត សុខាភិបាល លើកទី៤៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រាដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួង ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា សមិទ្ធផល និងវឌ្ឍនភាពដែលវិស័យ សុខាភិបាល សម្រេចបានជាច្រើនទសវត្សរ៍កន្លងមកនេះ រួមទាំងក្នុងឆ្នាំ២០២៣ផង គឺមិនអាចកាត់ផ្តាច់ បានពីគុណតម្លៃដ៏ថ្លៃថ្លា នៃសន្តិភាពដែលបាននាំមកជូនជាតិ និងប្រជាជនកម្ពុជា តាមរយៈការពុះពាររាល់ឧបសគ្គ ការលំបាក និងការលះបង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ។
លោកថា ម្យ៉ាងទៀតការរក្សាគង់វង្ស នូវសន្តិភាពដែលមានគុណតម្លៃជាសកល គឺជាការប្តេជ្ញាចិត្តរបស់ក្រសួង ឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលដែលជាមូលដ្ឋានគ្រឹះ នៃការបន្តលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ឲ្យកាន់តែប្រសើរឡើង ជាលំដាប់ដែលជាកត្តារួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមគោលដៅដ៏មុតស្រួច នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។
សូមបញ្ជាក់ថា ពិធីបិទសន្និបាតសុខាភិបាលលើកទី៤៣ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនានេះ ៕