ព័ត៌មានជាតិ

ម្ចាស់ផ្ទះជួលប្រកាសពន្យារពេល បង់ថ្លៃឈ្នួលផ្ទះដល់កម្មកររោងចក្រ Y&W តាមការជូនដំណឹងរបស់ក្រសួងការងារ

ភ្នំពេញ៖ ម្ចាស់ផ្ទះជួលឱ្យកម្មករ Y&W ប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះ ដល់កម្មករទៅតាមការជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរហូត ដល់កម្មករនិយោជិតទាំងអស់ទទួលបាន ការដោះស្រាយជាស្ថាពរក្នុងករណីរោងចក្រ Y&W។

ការពន្យារពេលបែបនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសអំពាវនាវឱ្យម្ចាស់ផ្ទះ ជួលទាំងអស់ដែលមានកម្មករ និយោជិតនៃរោងចក្រ Y&W កំពុងស្នាក់នៅ សូមធ្វើការពន្យារពេលបង់ថ្លៃផ្ទះឈ្នួល ដល់កម្មករមួយរយៈសិន រហូតមានដំណោះស្រាយជាស្ថាពរ។

លោក ផុន សុផាត ដែលជាម្ចាស់ផ្ទះជួលដល់កម្មករ Y&W បានលើកឡើងថាខ្លួនបានពន្យារពេល បង់ថ្លៃផ្ទះជួល រួមទាំងថ្លៃទឹកភ្លើងទៅដល់ កម្មករនិយោជិតនៃរោងចក្រ Y&W ដែលកំពុងស្នាក់នៅផ្ទះជួលរបស់ខ្លួន រហូតដល់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយរួចរាល់ជូនកម្មករ។

លោកថា «ខ្ញុំបានប្រាប់ពួកគាត់ថាមិនយកថ្លៃផ្ទះ ជួលទេអំឡុងពេលមានបញ្ហាហ្នឹង លើសពីនេះទៅទៀតប្រសិនបើ បងប្អូនមិនទាន់មានការងារធ្វើទេបងប្អូន អាចបន្តស្នាក់នៅបន្តិចទៀតបាន ក៏ប៉ុន្តែត្រូវចេញថ្លៃទឹកភ្លើងដោយខ្លួនឯង»។

លោកបានពន្យល់ថា ការពន្យារពេលបង់ថ្លៃផ្ទះជួលជូនកម្មករ Y&W នេះបន្ទាប់ពីមានការអំពាវនាវ ពីសំណាក់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន និងលោកបានមើលឃើញ អំពីការលំបាករបស់កម្មករ កម្មការិនីដែលត្រូវបានថៅកែរត់ចោល គ្មានលទ្ធភាពក្នុងការបង់ថ្លៃផ្ទះជួលដល់ខ្លួន។

ទន្ទឹមនឹងនេះម្ចាស់ផ្ទះជួលរូបនេះអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងឡាយណាដែលមានកម្មកររោងចក្រ Y&W សូមពន្យារពេលបង់ថ្លៃផ្ទះជួលទៅដល់ កម្មករតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយសម្រាលការចំណាយរបស់កម្មករ រហូតដល់មានដំណោះស្រាយចប់រួចរាល់។

លោកថ្លែងអំណរគុណទៅដល់ ក្រសួងការងារដែលមានចំណាត់ការ ទាន់ពេលវេលាលើករណីថៅកែក្រុម Y&W រត់ចោលកម្មករនេះ ហើយលោកគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយករណីក្រុមហ៊ុន Y&W ជូនកម្មករនិយោជិតទាំងអស់ឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីថៅកែរោងចក្រ Y&W នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅពី ប្រកាសឱ្យម្ចាស់ផ្ទះជួលពន្យារពេលបង់ថ្លៃផ្ទះ ក្រសួងការងារក៏បាននាំយក ឱកាសការងារជាច្រើនពាន់កន្លែងថ្មីៗ ដល់កម្មករនិយោជិតនៃរោងចក្រ Y&W ដល់កន្លែងផងដែរ។ លើសពីនេះទៀតកម្មករនិយោជិតនៃរោងចក្រ Y&W អាចបន្តប្រើប្រាស់បណ្ណ ប.ស.ស. បានដដែល ខណៈពេលដែលក្រសួងការងារ កំពុងតែដំណើរការនីតិវិធីរបស់ខ្លួនក្នុងការដោះស្រាយសំណង ជូនកម្មករនិយោជិតទាំងអស់នាពេលខាងមុខ ៕

To Top