ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា ក្រសួងសុខាភិបាល បាននិងកំពុងមមាញឹកជាខ្លាំង ក្នុងការបណ្តុះ បណ្តាធនធានមនុស្ស ដូចជាក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពឃុំ សម្រាប់ជួយដល់ពលរដ្ឋ ក្នុងការអប់រំ និងផ្តល់ឱសថ សំដៅកាត់បន្ថយការចំណាយ និងពេលវេលារបស់ពលរដ្ឋ ឡើងមកកាន់មន្ទីរពេទ្យធំៗ លើការព្យាបាល ជំងឺមិនឆ្លងដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម ។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១ក្នុងពិធីបើកសន្និបាត សុខាភិបាលលើកទី៤៣ កាលពីថ្ងៃ១៨ មីនា លោករដ្ឋមន្ត្រី លើកឡើងថា ជំងឺមិនឆ្លងមានជាអាទិ៍ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម គឺពិតជាអទិភាព ដូចអ្វីដែលលោករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ ក្នុងទស្សនទាន របស់សុខាភិបាលរួចហើយ ។
ដោយឡែក ក្នុងឱកាសនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់បន្ថែមថា “ក្រសួងសុខាភិបាល កំពុងតែមមាញឹកនៅក្នុងការបណ្តុះបណ្តាធនធានមនុស្ស តាមបណ្តាឃុំ មណ្ឌលសុខភាព ដើម្បីឲ្យមានការយល់ដឹង ក្នុងការធ្វើការសន្មត់ វិនិច្ឆ័យថា ជាជំងឺទឹកនោមផ្អែម ជាជំងឺលើសសម្ពាធឈាម ដើម្បីធ្វើការផ្តល់ថ្នាំព្យាបាល ហើយការផ្តល់ឱសថព្យាបាលនេះ ឲ្យបានក្នុងរយៈពេលឲ្យបានកាន់តែវែង ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋយើង កាត់បន្ថយការលំបាក ក្នុងការធ្វើដំណើរ និង មិនចំណាយពេលច្រើនមកមន្ទីរពេទ្យ ប៉ុន្តែស្ថិតក្នុងក្របខណ្ឌ នៃការសមស្របមួយ ដើម្បីជួបក្រុមគ្រូពេទ្យយើង ។ ជារឿយៗទទួលបានការ ពិនិត្យឡើងវិញ ហើយនិងការបញ្ជូន ការអប់រំសុខភាព និងការផ្តល់ថ្នាំបន្ត នេះចំពោះជំងឺលើសឈាម ឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម” ។
ក្នុងករណីខាងលើនេះ ក៏ត្រូវបានលោករដ្ឋមន្ត្រី សុខាភិបាល រាប់បញ្ចូលទាំងជំងឺមហារីកផងដែរ ដែលមានដូចជាជំងឺ មហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ ចំពោះស្រ្តីផងដែរ ដែលសុទ្ធតែត្រូវបានយកចិត្តទុកដាក់ និងកំពុងស្ថិតក្នុងវិធានការដែលបានអនុវត្ត និងបន្តអនុវត្ត។
ក្នុងនោះលោករដ្ឋមន្ត្រីបានលើកឡើងថា “ចំពោះជំងឺមហារីក ក្រសួងសុខាភិបាល មានគោលនយោបាយ ក្នុងការធ្វើជាផែនការជាតិ ប្រយុទ្ធប្រឆាំនឹង ជំងឺមហារីកនេះ ហើយបច្ចុប្បន្នក៏ចាប់ផ្តើម ក្នុងការធ្វើការស្រាវជ្រាវ រកជំងឺមហារីកឲ្យបានទាន់ពេលវេលា ជាពិសេសជំងឺមហារីកមាត់ស្បូន ចំពោះស្ត្រី មហារីកសុដន់ ចំពោះស្រ្តី ដែលយើងអាចស្រាវជ្រាវ ហើយអាចរកឲ្យឃើញទាន់ពេលវេលា សំដៅការព្យាបាល និងការបន្លាយ ឬក៏ការព្យាបាល ឲ្យជាសះស្បើយបាន នៅក្នុងដំណាក់កាលដំបូង។ នេះគឺជាវិធានដែលយើងបានអនុវត្ត ហើយក៏បន្តអនុវត្តទៅមុខទៀត”៕