ព័ត៌មានជាតិ

កម្ពុជា នឹងមានភ្លៀងធ្លាក់ រយៈពេល៣ថ្ងៃ

ភ្នំពេញ ៖ តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់មួយចំនួនរបស់កម្ពុជា នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃ១៩-២១ មីនា ។

តំបន់ដែលមានភ្លៀងគឺ នៅវាលទំនាប ដោយសីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៨អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥%។

សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៨អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ខ្ពង់រាបភាគពាយ័ព្យមានខេត្តប៉ៃលិន និងឧត្តរមានជ័យអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១០%។

ដោយឡែក តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ មានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕

To Top