ព័ត៌មានជាតិ

គ.ល.ក និង អាជ្ញាធរខេត្តកំពង់ចាមបើកកិច្ចប្រជុំពិភាក្សា ដើម្បីគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ

កំពង់ចាម ៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ( គ.ល.ក) និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាមបានបើកកិច្ចប្រជុំពិភាក្សា ដើម្បីគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ ពីល្បែងខុសច្បាប់គ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាព ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ ទៅលើស្ថានភាព ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស លើការអនុវត្តនូវលក្ខណៈសម្បត្តិទាំង ៧ចំណុចនៃគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ក្នុងសូចនាករទី ២គឺ គ្មានបទល្មើសលួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ផ្អែកតាមកត្តាខាងលើនេះ និង តាម
អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តក៏បានចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះល្បែងស៊ីសងគ្រប់ប្រភេទដែល
មាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល ១ខែកន្លងមកនេះ គិតចាប់តាំងពីថ្ងៃទី ១៤ ខែកុម្ភៈ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងនាមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់វិធានការបិទទីតាំងល្បែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយ បានរកឃើញក្រុមហ៊ុនឆ្នោតឡូតូទាំងមាន និងគ្មានអាជ្ញាប័ណ្ណ ពីល្បែងពាណិជ្ជកម្មកម្ពុជាចំនួន ៨ ក្រុមហ៊ុន ស្មើនឹង ៤៩៥ ទីតាំង ។

លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ( គ.ល.ក) បានមានប្រសាសន៍ទៅកាន់សមាជិក សមាជិកានៃអង្គប្រជុំថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីពិភាក្សា ពីគ្រោះយោបល់លើការគ្រប់គ្រង ល្បែងផ្សងសំណាង និងការគ្រប់គ្រងពីផលប៉ះពាល់ នៃល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនៃវិស័យល្បែងពាណិជ្ជកម្ម ស្វែងយល់និងកំណត់ពីបញ្ហាប្រឈម ដែលបានកើតមាន នៅក្នុងមូលដ្ឋាន បង្កើនកិច្ចសហការ និងភាពប្រទាក់ក្រឡាគ្នា លើការងារដែលជាសមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការ បង្ក្រាប និងទប់ស្កាត់រាល់ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ៕

To Top