ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា បន្តដឹកនាំកិច្ចពិភាក្សា ជាក្រុមនាថ្ងៃទី២ នៃសន្និបាតសុខាភិបាល លើកទី៤៣

ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅព្រឹកថ្ងៃ១៩ មីនានេះ បន្តបានអញ្ជើញដឹកនាំ ការពិភាក្សារួមលើលទ្ធផល របស់ក្រុមពិភាក្សាតូច ដែលបានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី១ នៃអង្គសន្និបាត ។ កិច្ចពិភាក្សានេះ មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល និងសហការី មកពីបណ្តា ក្រសួង ស្ថាប័ននានា ព្រមទាំងវត្តមាន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូ សុខាភិបាលទាំងទ្វេភាគី ពហុភាគី និង អង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៦០២រូប។

ប្រធានបទនៃកិច្ចពិភាក្សារួមមាន៖ ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ការលើកកម្ពស់សុខភាពមាតានិងទារក និងអាហារូបត្ថម្ភ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ការផ្តល់សេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែក និងការផ្តល់សេវាថែទាំសុខភាពបឋម។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជម្រុញការពិភាក្សាឲ្យកាន់តែផុសផុល ដើម្បីទទួលបាននូវធាតុចូលសមស្រប ដែលអាចអនុវត្តបានបន្ថែមទៀត សម្រាប់ជំរុញការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពទីមួយ “ការពង្រីកសេវាថែទាំសុខភាពឆ្ពោះ ទៅរកការគ្របដណ្តប់សុខភាពជាសកល” និងការអនុវត្ត វិធានការ សំខាន់ៗ ក្នុងវិស័យសុខាភិបាល និងផែនការសកម្មភាព របស់គ្រឹះស្ថាន សុខាភិបាល នៅគ្រប់កម្រិតទាំងអស់ ដើម្បីទទួល បានលទ្ធផលថ្មីបន្ថែមទៀត នៅឆ្នាំ ២០២៤ បន្តពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានភាពធន់ និងរឹងមាំ រួមចំណែកអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន” ៕

To Top