ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូធនាគារ ពិភពលោក លោកស្រី Maria Angelica Sotomayor ប្រធានទទួលបន្ទុកផ្នែកទឹក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី Maria Angelica Sotomayor ប្រធានទទួលបន្ទុកផ្នែកទឹក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកដឹកនាំគណៈប្រតិភូធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូធនាគារពិភពលោក លោកស្រី Maria Angelica Sotomayor ប្រធានទទួលបន្ទុកផ្នែកទឹកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក មកជួបសម្តែងការគួរសម ព្រមទាំងពិភាក្សា ពីអាទិភាពអភិវឌ្ឍន៍ និងបញ្ហាប្រឈម ក្នុងវិស័យធនធានទឹកនៅកម្ពុជា ។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនានា ជាមួយធនាគារពិភពលោកក្នុងការកសាង និងការអភិវឌ្ឍវិស័យធនធានទឹក រយៈពេលវែងនៅកម្ពុជា ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានសម្តែង នូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះធនាគារពិភពលោកសម្រាប់ការគាំទ្រ និងកិច្ចសហការយ៉ាងរឹងមាំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងអភិវឌ្ឍន៍ជាច្រើននាពេលកន្លងមក ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ប្រតិភូធនាគារពិភពលោកថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកទឹកជាវិស័យ អាទិភាពមួយក្នុង ចំណោមអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្រសួងធនធានទឹក និងឧតុនិយមក្នុងនាមជាសេនាធិការ រាជរដ្ឋាភិបាលកំពុងបន្ត កសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីបង្កើននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានស្នើដល់ធនាគារពិភពលោក ទី១)ជួយពង្រឹងគោលនយោបាយជាតិ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទី២)ជួយស្តារ និងរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ និងការកែលម្អការគ្រប់គ្រង ធនធានទឹកជាចម្បងលើដៃទន្លេ និងទី៣)ជួយគាំទ្រលើការបង្កើតផែនការគ្រប់គ្រងអាងទន្លេសម្រាប់អាងទន្លេសាប និងទន្លេមេគង្គ Detla ជាកម្មវិធីវិនិយោគយុទ្ធសាស្ត្រនៅតំបន់អាងទន្លេសាប និងដីសណ្ដទន្លេមេគង្គ ដើម្បីធានាធនធានទឹក កែលម្អការកាត់បន្ថយទឹកជំនន់ និងស្ដារទន្លេដែលងាយរងគ្រោះ ។

តំណាងប្រតិភូធនាគារពិភពលោក លោកស្រី Maria Angelica Sotomayor បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមជាមួយសមភាគីរាជរដ្ឋាភិបាល ដើម្បីផ្តល់ការគាំទ្រការលើកកម្ពស់ភាពជាដៃគូរយៈពេលវែង និងការកែលម្អការសម្របសម្រួលកម្រិតយុទ្ធសាស្ត្ររវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃធនធានទឹក ប្រព័ន្ធធារាសាស្ត្រ និងការផ្គត់ផ្គង់ទឹកក្នុងតំបន់ ជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធននឹងការប្រែប្រួលអាកាសធាតុ។

លោកស្រីបាន ជម្រាបជូនលោករដ្ឋមន្រ្តីផងដែរថា គម្រោងសន្តិសុខទឹកនឹងត្រូវដាក់ជូនគណៈកម្មការ នាយកធនាគារពិភពលោក ដើម្បីអនុម័ត ក្នុងខែមេសាខាងមុខនេះ ។ កាលពីពេលថ្មីៗនេះធនាគារពិភពលោក បានអនុម័តកញ្ចប់ថវិកា សម្រាប់ការសិក្សា ជំហានបឋមតំបន់បឹងទន្លេសាប ដើម្បីឈានទៅធ្វើការគ្រប់គ្រង និងអភិរក្សតំបន់បឹងទន្លេសាប ឱ្យមាននិរន្តរភាពយូរអង្វែង។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយធនាគារពិភពលោក ក្រសួងធនធានទឹក និងឧតុនិយមកំពុងដំណើរ ការគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) និងកំពុងរៀបចំគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP) ផងដែរ៕

To Top