ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការលះបង់របស់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊តវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ហើយលោកក៏បានបង្ហាញការសោកស្តាយផងដែរ ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នៅថ្ងៃទី១៩ មីនា នេះបានឲ្យដឹងថា បើទោះបីសកម្មភាពពន្លត់អគ្គិភ័យនេះ មិនបានទប់ស្កាត់ការឆាបឆេះ អគាររោងចក្របានទាំងស្រុងក្តី ក៏ប៉ុន្តែកម្លាំងចម្រុះ ពិតជាបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងតាមជំនាញរៀងៗខ្លួន ក្នុងការទប់ស្កាត់មិនឲ្យបន្តឆាបឆេះទៅ ដល់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់រោងចក្រ ពិសេសគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នករងរបួស ឬក៏បាត់បង់អាយុជីវិតឡើយ។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា ក្នុងសកម្មភាពពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ កម្លាំងចម្រុះបានប្រើរយៈពេលអស់ជាច្រើនម៉ោង និងប្រើរថយន្តពន្លត់អគ្គិភ័យ រហូតទៅដល់ ៥២គ្រឿង ដោយប្រើទឹកអស់ជិត ៥០០ឡាន រហូតដល់ម៉ោង ១និង៣៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទើបអាចគ្រប់គ្រងស្ថានភាពបាន ១០០%។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំក៏សូមសម្តែងនូវការចូលរួម រំលែកទុក្ខលំបាកប្រកបដោយក្តីសោកស្តាយ ជាពន់ពេកជាមួយម្ចាស់រោងចក្រ និងថ្នាក់ដឹកនាំ ព្រមទាំងបងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យនេះ ដែលបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់ និងបាត់បង់ការងារជាដើម»។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានស្នើកងកម្លាំងពន្លត់អគ្គិភ័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តត្រៀមលក្ខណៈប្រតិបត្តិការ ផ្ដល់សេវាជួយសង្គ្រោះជូនប្រជាពលរដ្ឋទាន់ពេលា ដើម្បីរួមគ្នាសម្រេចគោលដៅរួម គឺ «ធ្វើអ្វីៗដើម្បីផ្ដល់ភាព កក់ក្ដៅជូនប្រជាពលរដ្ឋ» ៕



