ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីប្រារព្ធពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
អញ្ជើញចូលរួមក្នុងពិធីនោះរួមមានវត្តមាន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្ដរជាតិ សរុបប្រមាណ ៧០០នាក់ ។
លោក ឆាយ ប្ញទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ។
លោករដ្ឋមន្រ្ដីបន្តថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តកេរ្តិ៍ដំណែល ជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី ៦ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ និងដើម្បីបន្តកសាងកម្ពុជា ប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។
លោករដ្ឋមន្រ្ដីបន្តទៀតថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគោលដៅជាយុទ្ធសាស្ត្រចំនួន ៥ គឺ៖ទី១) ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់, ទី២) បង្កើតការងារឱ្យបានកាន់តែច្រើន ទី៣) សម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ទី៤) បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥) ការធានាឲ្យបាននូវចីរភាពនៃ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។
ជាមួយនេះ រាជរដ្ឋាភិបាល បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជន នៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខុដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួន៤គឺ៖
ទី១/ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ប្រទាក់ក្រឡា ដើម្បីឲ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
ទី២/ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការអប់រំផ្នត់គំនិត ដើម្បី
ឲ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព។
ទី៣/ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរកសិកម្ម និងកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើត ភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិកម្មនៅតាម សហគមន៍ជនបទ និងជាពិសេសសហគមន៍ជនជាតិដើមភាគតិច។
ទី៤.ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសអនុវត្តន៍ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្នុងគោលបំណងបម្រើប្រជាជន នៅតំបន់ជនបទ ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ត្រីទាំងអស់នៃក្រសួង និងបានលើកឡើងពីគុណូបការៈ នៃថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត ដែលសម្រេចបាននៅសមិទ្ធផលជាច្រើន ព្រមទាំងបទពិសោធន៍ដឹកនាំដែលជាគំរូល្អៗ សម្រាប់ការដឹកនាំបន្តវេន ៕