ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកម្មករ នៅរោងចក្រ RG Footwear

ភ្នំពេញ ៖ ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីអគ្គីសភ័យឆេះរោងចក្រស្បែកជើង ឈ្មោះ RG Footwear (Cambodia) Co., Ltd អស់ទាំងស្រុងនេះ បានកើតហេតុនៅថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៥០នាទី ដែលមានទីតាំងស្ថិត នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងនោះមានកម្មករ និយោជិត ធ្វើការចំនួន២ ២០៥ នាក់ (ស្រី១ ០៣៦ នាក់) ។

ក្នុងនោះ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្ដែងនូវសេចក្តីសោកស្តាយបំផុត ចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ ហើយនឹងកំពុង យកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ និយោជិតនៃរោងចក្រ R.G Footwear ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន ។

ជាមួយគ្នានេះ ដើម្បីជួយសម្រាលទុក្ខលំបាក របស់បងប្អូន កម្មករនិយោជិត ក្រសួងសូមបញ្ជាក់ថា សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍ នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិត នៅតែទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ជាធម្មតា ។

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹកសារជាថ្មី ស្តីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន និងបានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនិងសុខភាពការងារ របស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ៕

To Top