ព័ត៌មានជាតិ

សម្តេចធិបតី អះអាងថា ដើម្បីសុខភាពពលរដ្ឋ រាជរដ្ឋាភិបាល នឹង​បង្កើត​មន្ទីរ​ពេទ្យ​តំបន់ ចំនួន២ នៅ​ខេត្ត​កំពង់ចាម ​និង​សៀមរាប​

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងជាថ្មី ជុំវិញការគិតគូរពីសុខមាលភាព រ​បស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ទីប្រជុំជន និងជនបទ ក្នុងនោះសម្តេច បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចរួចហើយ ដោយប្រើប្រាស់ថវិកា ​ឥណទានសម្បទាន ក្នុងការអភិវឌ្ឍមន្ទីរពេទ្យតំបន់ សម្រាប់ជួយសម្រួល​ និងកាត់បន្ថយការ ចំណាយរបស់ពលរដ្ឋ ។

ការរំលេចនូវការប្រើប្រាស់ថវិកា ឥណទានសម្បទាន ដើម្បីពង្រីកក៏ដូចជាអភិវឌ្ឍមន្ទីរពេទ្យតំបន់នេះ ត្រូវបានសម្តេចលើកឡើង​ ក្នុងឱកាសអញ្ជើញ “បិទសន្និបាត បូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣” នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ។

សម្តេចធិបតី មានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ JICA ដើម្បីរៀបចំគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ ចំនួន២ ពោលគឺនៅខេត្តកំពង់ចាម និងនៅខេត្តសៀមរាប ។ ការនេះសំដៅកាត់បន្ថយ ការប្រើប្រាស់ពេលវេលា រ​បស់ប្រជាពលរដ្ឋ ក្នុងការស្វែងរកសេវាសុខាភិបាល ពោលអាច នៅត្រឹមពេទ្យតំបន់ មិនពិបាកស្វែងរកមន្ទីរពេទ្យធំៗ នៅទីប្រជុំជន ឬនៅរាជធានីភ្នំពេញ តែម្តង ។ កត្តាទាំងនេះ ថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ អំឡុងពេលធ្វើដំណើរ ហើយក៏អាចកាត់បន្ថយការចំណាយ ធនធានមួយផ្នែករបស់ពលរដ្ឋផងដែរ ។

សម្តេចធិបតី មានប្រសាសន៍ថា “អីចឹងហើយបានជាអភិក្រមយើងក្រៅពីពង្រឹងពេទ្យថ្នាក់ជាតិ យើងពង្រឹងពេទ្យថ្នាក់កម្រិតក្រោមជាតិ ឥឡូវយើងចាប់ផ្តើមពីពេទ្យថ្នាក់តំបន់ ។ ថ្ងៃក្រោយនៅពេលដែលមានសមត្ថភាព នឹងពង្រឹងទៅតាមបណ្តាខេត្តផ្សេងៗ គ្រប់២៥រាជធានី-ខេត្តតែម្តង ។ កិច្ចការនេះ ធ្វើឡើងដើម្បីបិទគម្លាតរវាងខេត្ត និងរាជធានីតែម្តង”។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ថ្ងៃក្រោយបើជំងឺធ្ងន់ៗ វះកាត់បេះដូង មហារីក អាចព្យាបាលនៅខេត្តបានហើយ ឬនៅតំបន់ហើយ មិនចាំបាច់មកភ្នំពេញ ។ អីចឹងគម្លាតស្តង់ដារនេះ ថ្ងៃក្រោយគឺយើងលែងលំបាក” ។

បើតាមអ្វីដែលសម្តេចធិបតី លើកឡើង បានឲ្យដឹងថា រាជរដ្ឋាភិបាល តាំងពីអាណត្តិមុន បានធ្វើជាបន្តបន្ទាប់ ហើយអាណត្តិនេះ ក៏នឹងបន្តធ្វើដូចគ្នាដែរ ។

ក្នុងនោះសម្តេចបានអះអាងថា “សមិទ្ធផលទាំងនេះ មិនមែនសមិទ្ធផលគ្រាន់តែនិយាយនោះទេ យើងបានព្រមហើយ គិតជាតម្លៃ១៤១លានដុល្លារ នៅក្នុងការកសាងពេទ្យ និងពង្រីកគុណភាពពេទ្យ ២នេះ ទៅជាពេទ្យតំបន់ នៅសៀមរាប និងនៅកំពង់ចាម ដូចនេះក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត ដែលធ្វើហើយការព្យាបាលជាច្រើន និងអាចវិមជ្ឈការនៅទីនោះ អីចឹងភ្នំពេញក៏អាចថយ ​ហើយប្រជាពលរដ្ឋក៏អាច មានពេទ្យនៅជិតខ្លួន”

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា “ថ្ងៃក្រោយយើងអាចពង្រីកតំបន់ ទៅតំបន់ផ្សេងៗទៀត នៅក្នុងការធ្វើនេះ ដើម្បីសុខភាពប្រជាជន យើងត្រូវហ៊ានវិនិយោគ” ។

សម្ដេច​នាយករដ្ឋមន្ត្រី​គូសបញ្ជាក់​ថា​”បើទោះមិនអាចម្តងធ្វើហើយទាំងអស់ គ្រប់ទីកន្លែងក៏ដោយ តែជាជំហានដែលទាមទារពេលវេលា ។ ក្នុងនោះការពង្រឹងវិស័យសុខាភិបាល គឺធ្វើយ៉ាងណា នៅក្នុងពីមួយអាណត្តិ ទៅមួយអាណត្តិ កាន់តែមានសមត្ថភាព នៅក្នុងការព្យាបាល ជំងឺប្រជាពលរដ្ឋ និងវិមជ្ឈការការទទួលខុសត្រូវ និងសមត្ថភាព រហូតទៅដល់មូលដ្ឋាន តាមជំហាននេះជាអ្វីដែលយើងចង់បាន ហើយអ្វីដែលត្រូវធ្វើជូនប្រជាពលរដ្ឋ” នេះជាការបញ្ជាក់របស់សម្តេចធិបតី៕

To Top