ព័ត៌មានជាតិ

យន្តការមេគង្គ-ឡានឆាង កំពុងឆ្ពោះទៅមុខ ក្លាយជាគំរូ នៃកិច្ចសហការឈ្នះ​ ឈ្នះ ដ៏មានប្រសិទ្ធភាព

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងថា រយៈពេល៨ឆ្នាំកន្លងមកនេះ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ផ្តល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា។

តាមរយៈសារលិខិតអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៨ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង និងទិវាសប្តាហ៍ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២៤ ពីថ្ងៃទី១៨-២៤ ខែមីនា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានប្រសាសន៍បន្តថា យន្តការនេះ ក៏បានជំរុញកំណើនថ្មីសម្រាប់រយៈពេលវែង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់តំបន់ ជាពិសេសតាម រយៈការអនុវត្ត ប្រកបដោយជោគជ័យ នៃផែនការសកម្មភាពប្រាំឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(២០១៨-២០២២) ដែលបានផ្តល់លទ្ធផល ជាផ្លែផ្កាសម្រាប់សុខុមាលភាព របស់ប្រជាជនយើង។

លោកលើកឡើងថា ក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលរបស់យើងបានអនុម័ត “សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ” ។ នៅក្នុងការឯកភាពគ្នាជំរុញខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ប្រមុខដឹកនាំទាំងអស់ បានគូសបញ្ជាក់ពីតម្រូវការ នៅក្នុងការចាប់យកឱកាស ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្ម។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ ក៏បានឯកភាពសហការគ្នា ក្នុងវិស័យថាមពលថ្មីៗ ដូចជារថយន្តអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងសំឡឹងមើលវេទិកាព័ត៌មាន មេគង្គ-ឡានឆាងគ្រប់ជ្រុងជ្រោយសម្រាប់សេដ្ឋកិច្ចកសិកម្ម វិនិយោគ និងបច្ចេកវិទ្យា។

លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងនាមជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យយុវជនចូលរួមនៅ ក្នុងគំរូថ្មីនៃការធ្វើដំណើរតាមរយៈវេទិកាផ្សេងៗ ប្រទេសកម្ពុជាកំពុងបើកដំណើរ ការគេហទំព័រឯកអគ្គរដ្ឋទូត ទេសចរណ៍មេគង្គ-ឡានឆាង ដែលនេះគឺជាការទទួលស្គាល់ សមត្ថភាពរបស់យុវជន ក្នុងការសម្របខ្លួនទៅ នឹងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលយ៉ាងងាយស្រួល។ នៅកម្ពុជា ស្ថាប័នទទួលបន្ទុកការអភិវឌ្ឍ ច្រករបៀងនវានុវត្តន៍ នៅទូទាំងតំបន់មេគង្គ-ឡានឆាង គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។

លោកបន្តទៀតថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តបម្រើជាមធ្យោបាយវិជ្ជមានជាមួយនឹងយន្តការអនុតំបន់មេគង្គ ដទៃទៀត ក្នុងការបំពេញបន្ថែម ឱ្យគ្នាទៅវិញទៅមកជាមួយ “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” ក៏ដូចជា “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)” “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI)” “គំនិតផ្តួចផ្តើម ផ្នែកសន្តិសុខសកល (GSI)” “គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI)” និង “គំនិតផ្តួចផ្តើមអភិបាលកិច្ច បញ្ញាសិប្បនិម្មិតសកល” របស់ចិន។ យន្តការទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់បន្ថែមទៀត នូវកំណើនប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយជំរុញឆ្ពោះទៅមុខនូវសមាហរណកម្ម អនុតំបន់ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា មានជំនឿយ៉ាងមុតមាំថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តគាំទ្រដល់សហគមន៍ នៃអនាគតរួមគ្នា នាំមកនូវវិបុលភាពសម្រាប់ប្រជាជនគ្រប់រូប ដែលជាការអភិវឌ្ឍដ៏ជោគជ័យសម្រាប់តំបន់ មេគង្គ-ឡានឆាង ៕

To Top