ព័ត៌មានជាតិ

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសបដិសេធការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវជុំវិញការបើកប្រាក់ឈ្នួលដល់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រសួងការងារបន្ថែមថាកន្លងមកនេះ មានការបំផុសបំផុលនិងបំផ្លើសព័ត៌មាន ជំរុញឱ្យបងប្អូនកម្មករនិយោជិតមកបើកប្រាក់ឈ្នួលលើកទី២ខែចុងក្រោយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ បច្ចុប្បន្ននេះ ក្រសួងបានទទួលដីការក្សាការពារ ហើយសាលាដំបូងរាជធានីភ្នំពេញក៏កំពុងបំពេញនីតិវិធីលក់ឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុន ដើម្បីបានថវិកាសម្រាប់ទូទាត់ជូនបងប្អូនកម្មករនិយោជិត។

ទន្ទឹមនឹងនេះក្រោយពេលដែលតុលាការបញ្ចប់នីតិវិធី និងលក់ឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុនរួចរាល់ហើយ ក្រសួងនឹងប្រកាសជាសាធារណៈឱ្យបងប្អូនកម្មករនិយោជិត មកបើកបា្រក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ទោះបីជាថ្ងៃឈប់សម្រាកក៏មន្រ្តីក្រសួងបម្រើការងារជូនដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បុគ្គលទាំងឡាយ ដែលមានបំណងចង់ជួយដល់បងប្អូនកម្មករនិយោជិតពិតប្រាកដនោះ សូមផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ និងសូមឱ្យយល់អំពីនីតិវិធីនៃការលក់ឡៃឡុង ជៀសវាងការផ្តល់ព័ត៌មានខុស បង្កើតឱ្យមានការយល់ច្រឡំ ឬសកម្មភាពមិនត្រឹមត្រូវណាមួយ៕

To Top