ព័ត៌មានជាតិ

រសៀលនេះ សម្តេចធិបតី នឹងអញ្ជើញបិទ សន្និបាតលទ្ធផលការងារ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “ បិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

ក្នុងឱកាសបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ កាលពីថ្ងៃ១៩ មីនា លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ បានលើកឡើងថា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូល រួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជន នៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខុដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួន៤គឺ៖

ទី១/ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ប្រទាក់ក្រឡា ដើម្បីឲ្យគ្រប់ភូមិទាំងអស់ មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

ទី២/ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការអប់រំផ្នត់គំនិត ដើម្បីប្រជាជនជនបទ កែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព។

ទី៣/ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាល ជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល បន្ថែមក្រៅពីមុខរបរកសិកម្ម និងកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាព សម្បូរសប្បាយ ។

ទី៤/ ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសអនុវត្តន៍តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្នុងគោលបំណងបម្រើប្រជាជន នៅតំបន់ជនបទ ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់ ៕

To Top