ព័ត៌មានជាតិ

គ្រប់វត្ត មិនត្រូវលេងបាញ់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះ នៅថ្ងៃឆ្នាំខ្មែរ

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវចុះណែនាំគ្រប់វត្តអារាម មិនត្រូវឲ្យមានការលេងល្បែងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។

តាមរយៈសេចក្ដីណែនាំ ក្រសួងធម្មការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា ដើម្បីរៀបចំពិធីបុណ្យ ឲ្យរក្សាបានប្រពៃណីទំនៀម ទម្លាប់របស់ជាតិគង់វង្ស និងប្រកបដោយភាពរុងរឿង មន្ទីរធម្មការរាជធានី-ខេត្ត ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្តអារាម ឲ្យយកព្រះហឫទ័យទុកដាក់សម្អាត និងតុបតែងលម្អវត្តអារាម។

លិខិតបញ្ជាក់ទៀតថា គ្រប់វត្តអារាម ត្រូវចាត់តាំង ពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ។ គ្រប់វត្តអារាមត្រូវសហការ និងបង្កលក្ខណៈងាយស្រួលជូនក្រសួង ស្ថាប័ន អង្គភាព មន្ទីរ ពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រៀបចំលេងល្បែង ប្រជាប្រិយនានាក្នុងវត្តអារាម ។
គ្រប់វត្តអារាមមិនត្រូវឲ្យមានការលេងល្បែង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើម ។
គ្រប់វត្តអារាមយកចិត្តទុកដាក់បំផុស ស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ។

ក្នុងគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ត្រូវរៀបចំតាំងព្រះឆាយាលក្ខណ៍ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា និងប្រារព្ធពិធីបង្សុកូល ឧទ្ទិសព្រះរាជមហាកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស៕

To Top