ព័ត៌មានជាតិ

លោក ឆាយ ប្ញទ្ធិសែន ៖ គិតត្រឹមឆ្នាំ ២០២៣ ផ្លូវជនបទ បានកើនដល់ជាង ៥ម៉ឺនគីឡូម៉ែត្រ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ប្ញទ្ធិសែន បានអះអាងថា គិតត្រឹមឆ្នាំ ២០២៣ បរិមាណផ្លូវជនបទបានកើនដល់ចំនួន ៥០ ២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស ។

ថ្លែងក្នុងសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ លោក ឆាយ ប្ញទ្ធិសែន បញ្ជាក់ថា «ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ គិតត្រឹមឆ្នាំ ២០២៣ បរិមាណផ្លូវជនបទបានកើនដល់ចំនួន ៥០ ២៦២គីឡួម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស និងសំណង់សិល្បការ្យជនបទ កើនដល់ចំនួន ៤៨ ៨២២កន្លែង »។

លោករដ្ឋមន្រ្តីបន្ថែមថា ដោយឡែកក្នុងឆ្នាំ ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាពង្រីកវិសាលភាព និងកែលម្អលើកកម្រិតផ្លូវជនបទ បានចំនួន៩៥ខ្សែ ប្រវែងសរុប ៤៤៧គីឡូម៉ែត្រ បានថែទាំផ្លូវជនបទចំនួន ៤៨៣ខ្សែ ប្រវែងសរុប ៤ ៣៧២គីឡូម៉ែត្រ និងសាងសង់សំណង់ សិល្បការ្យគ្រប់ប្រភេទបានចំនួន ១ ៣៧១កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍បានចំនួន ២ ៧៨៣ស្លាក។

សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវយុទ្ធសាស្រ្ត ដោយផ្ដោតលើវិស័យអាទិភាពចំនួន៤ រួមមាន ៖ ១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២.កែលម្អលក្ខខណ្ឌ នៃការរស់នៅ របស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាព សេដ្ឋកិច្ចជនបទ និងទី៤.ពង្រឹងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

To Top