ភ្នំពេញ៖ នៅឆ្នាំ ២០២១ គម្រោងសាកល្បងប្រភពទឹកដែលផ្តួចផ្តើមដោយប្រទេសចិននោះ ត្រូវបានអនុវត្តនៅភូមិហាកក្នុងហ្លួងប្រាបាង នៃប្រទេសឡាវ ដែលបានផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋឡាវប្រមាណ ២០០០ នាក់ក្នុងតំបន់នោះ។
មុននឹងអនុវត្តគម្រោងនេះ អ្នករស់នៅក្នុងភូមិនេះបានប្រឈមនឹងបញ្ហាខ្វះខាតទឹក ហើយតែងតែជួបនឹងបញ្ហាសុខភាពដោយមកពីទឹកផឹកដែលមិនអនាម័យ។
តាមការធ្វើប្រជាមតិបានឱ្យដឹងថា មានអ្នកភូមិជាង ៩២% យល់ឃើញថា នេះជាគម្រោងចាំបាច់ណាស់ សម្រាប់អ្នកភូមិក្នុងតំបន់។ មេភូមិបានបញ្ជាក់ថា លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ និងទឹកចិត្តដ៏កក់ក្តៅរបស់ជនជាតិចិន។
គម្រោងប្រភពទឹកនៃភូមិហាកនេះ គ្រាន់តែជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលបាន និងកំពុងអនុវត្តក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ក្រោមប្រធានបទ“ប្រតិបត្តិការទឹកស្អាត ឡានឆាង-មេគង្គ” ដែលជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការធនធានទឹកក្រោមយន្តការស្តីពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។
លោក ចូវ ជឺវៃ ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការធនធានទឹកជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។
ជាដំបូង ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គកាន់តែមានភាពប្រសើរឡើង។ សព្វថ្ងៃ យើងបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ១ លើក វេទិកាសហប្រតិបត្តិការធនធានទឹក ៣ លើក កិច្ចប្រជុំក្រុមការងាររួមនៃកិច្ចសហប្រតិបត្តិការធនធានទឹក ៤ លើក និងកិច្ចប្រជុំវិសាមញ្ញ ១៦ លើក ដែលបានជំរុញកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គឱ្យរីកចម្រើនទៅមុខជាបន្តបន្ទាប់។
បន្ទាប់មក កិច្ចសហប្រតិបត្តិការជាក់ស្តែង បានទទួលនូវសមិទ្ធផលប្រកបដេយផ្លែផ្កា។ ក្រោមការគាំទ្រផ្នែកថវិកាពីរដ្ឋាភិបាលចិន ប្រទេសទន្លេមេគង្គទាំង ៥ បានអនុវត្តគម្រោងចំនួនជាង ៥០ សម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រួមមានគម្រោងផ្គត់ផ្គង់ទឹកស្អាត សម្អាតទឹកទន្លេ តាមដានសុវត្ថិភាពទំនប់ទឹក និងគុណភាពទឹកជាដើម ដែលបានផ្តល់ផលប្រយោជន៍ ដល់ប្រជាជនក្នុងតំបន់កាន់តែច្រើន។
ឧទាហរណ៍ គម្រោង“ប្រតិបត្តិការទឹកស្អាត”ដំណាក់កាលទី ១ ត្រូវបានអនុវត្តនៅប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ានៅឆ្នាំ ២០២០ និងឆ្នាំ ២០២២ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកស្អាត ប្រមូលនិងសម្អាតទឹកភ្លៀង និងសម្លាប់មេរោគក្នុងទឹកផឹកជាដើម។
តាមរបាយការណ៍អំពីការវាយតម្លៃការអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គបានឱ្យដឹងថា គិតមកដល់ឆ្នាំ ២០២២ គម្រោង“ប្រតិបត្តិការទឹកស្អាត”ដំណាក់កាលទី ១ បានបង្កើតឡើងនូវប្រភពទឹកស្អាតគំរូចំនួន ៨-៩ កន្លែង និងប្រព័ន្ធផ្គត់ផ្គង់ទឹកគំរូចំនួន ៥៤ កន្លែង ដែលបានផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនជាង ១០ ពាន់នាក់ក្នុងប្រទេសពាក់ព័ន្ធ។
ក្នុងគោលបំណងជំរុញការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការធនធានទឹកក្នុងតំបន់ ប្រទេសទាំង ៦ រួមគ្នាកំណត់ផែនការសកម្មភាពរយៈពេល ៥ ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ(២០២៣-២០២៧) ដែលនឹងអាចជំរុញបន្ថែមទៀតនូវការប្រើប្រាស់ គ្រប់គ្រង និងថែរក្សាធនធានទឹកប្រកបដោយនិរន្តរភាព។
លោក ចូវ ជឺវៃ បានបញ្ជាក់ថា ផែនការសកម្មភាពថ្មីនេះនឹងអាចផ្តល់ការណែនាំ ដល់បណ្តាប្រទេសទន្លេឡានឆាង-មេគង្គនានា ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលនាំមកដោយការប្រែប្រួលអាកាសធាតុ លើពិភពលោក។
កិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គនឹងផ្តល់អាទិភាពដល់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការទឹកទន្លេ ប្រមូលផ្តុំនូវកម្លាំងពីភាគីនានា រួមគ្នាធ្វើប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាផ្សេងៗអំពីការទប់ទល់គ្រោះមហន្តរាយទឹកជំនន់ ការថែរក្សាធនធានទឹក ប្រភពទឹក និងអេកូ-បរិស្ថានទឹក ព្រមទាំងជំរុញឱ្យភាគីនានាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង លើវិស័យប្រើប្រាស់ធនធានទឹក និងផ្គត់ផ្គង់ទឹកស្អាតជាដើម រួមចំណែកក្នុងការថែរក្សាសុវត្ថិភាពទឹកសម្រាប់ការរស់នៅ របស់ប្រជាជនក្នុងតំបន់ទន្លេឡានឆាង-មេគង្គ៕