ព័ត៌មានជាតិ

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់ការផ្តល់ ឧបករណ៍តន្រ្តីបុរាណ ដល់សាលាមធ្យមវិចិត្រសិល្បៈ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ៣៨,៧៥០ ដុល្លារអាមេរិក ដល់សាលាមធ្យមវិចិត្រសិល្បៈ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២០ មីនា​ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាង ស្ថាប័នទទួលជំនួយ ដើម្បីអនុវត្តគម្រោង ដូចជា ៖ គម្រោងកែលម្អឧបករណ៍តន្រ្តីបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ ថវិកាចំនួន ៣៨,៧៥០ ដុល្លារអាមេរិក។

ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីតម្លើងឧបករណ៍តន្រ្តីបុរាណខ្មែរ ចំនួន១៥ប្រភេទ សរុប ២៤គ្រឿង នៅសាលាមធ្យមវិចិត្រសិល្បៈ ក្នុងរាជធានីភ្នំពេញ ។ ដោយសារកង្វះខាតឧបករណ៍តន្រ្តីបុរាណ សាលាមធ្យមវិចិត្រសិល្បៈ បាននឹងកំពុងប្រឈមមុខ នឹងបញ្ហាក្នុងការបណ្តុះបណ្តាលយុវវ័យជំនាន់ថ្មី ដែលអាចលេងឧបករណ៍ តន្រ្តីបុរាណទាំងនេះបាន ។ បន្ទាប់ពីការ អនុវត្តគម្រោងនេះ បានរំពឹងថា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នឹងមានឱកាសកាន់តែច្រើនក្នុងការសម្តែង និងហាត់សមឧបករណ៍តន្រ្តីបុរាណខ្មែរទាំងនេះ ហើយនឹងអាចពង្រីក ក៏ដូចជារក្សានូវ វប្បធម៌ខ្មែរ។

គម្រោងទ្រង់ទ្រាយតូចវប្បធម៌ «គូសាណូណិ» របស់ប្រទេសជប៉ុន រួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ វប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ ដែលសកម្មនៅកម្រិតមូលដ្ឋាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា ជប៉ុន និង កម្ពុជា មានទំនាក់ទំនងការទូត ជិតស្និទ្ធិជាង ៧០ឆ្នាំមកហើយ ។ លោកសង្ឃឹមថា គម្រោងនេះនឹងជួយសម្រួល ដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាព កាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

លោកទូត បន្ដថា ជប៉ុន នឹងបន្តចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីកែលម្អគុណភាពជីវិត តាមរយៈគ្រោងការណ៍ ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ ដែលរួមមាន ជំនួយឥតសំណងគូសាណូណិទាំងពីរទម្រង់ គឺ ជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ និងជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌៕

To Top