ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល មិនទុកជនមានពិការភាព ណាម្នាក់ឲ្យរស់នៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។
នាឱកាសអញ្ជើញជាអធិបតី សម្ពោធជាផ្លូវការ «មជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន និងគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា» នៅព្រឹកថ្ងៃទី២១ មីនា សម្ដេចធិបតី មានសេចក្ដីរំភើបរីករាយ បានឃើញជនមានពិការភាពកម្ពុជា បានចូលរួមយ៉ាងសកម្ម និងបំពេញការងារយ៉ាងលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកម្ពុជា ដែលឆ្លុះបញ្ចាំងពីសមត្ថភាព សក្កានុពលជនមានពិការភាព។
សម្ដេចមានប្រសាសន៍ថា «ខ្ញុំ សូមលើកទឹកចិត្ត និងបញ្ជាក់ជូនបងប្អូន មានពិការភាពថា បងប្អូនមិនឯកោទេ បងប្អូនឃើញនៅពេលនេះ មានសម្ដេចតេជោ និងរូបខ្ញុំ ផ្ទាល់ជារាជរដ្ឋាភិបាល តែងចាត់ទុកបងប្អូនមានពិការភាព ជាមូលធនដ៏មានសក្តានុពល ដែលបានកំណត់យ៉ាងច្បាស់ ក្នុងយុទ្ធសាស្ដ្របញ្ចុកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ផ្ដោតចំបងទៅលើការកសាងធនធានមនុស្ស និងពង្រឹងធនធានមនុស្ស ដែលរួមទាំងប្រជាពលរដ្ឋយើងទាំងអស់»។
សម្ដេចបន្ដដា ជាការពិតការងារ ក្នុងវិស័យពិការភាព ពិតជាមានសារៈសំខាន់ ហើយចាំបាច់ត្រូវមានការ ចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសហគមន៍ជាដើម។
សម្ដេចថា «ខ្ញុំ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល មិនទុកជនមានពិការ ភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយ ជ្រោមជ្រែងនោះឡើយ ។ នៅក្នុងន័យនេះ ខ្ញុំ សូមអំពាវនាវដល់សហគមន៍ជាតិ-អន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោល ដៅអភិវឌ្ឍប្រកបដោយចីរភាព ស្ដីពី ជនមានពិការភាព, អនុសញ្ញា ស្ដីពី សិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្ដទីក្រុងអ៊ីឈាន់ ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយ ដែលមានបរិយាប័ន្ន និងភាពសុខុមសម្រាប់ជនមានពិការភាព ស្របតាមគោលការណ៍ គ្មានជនណាម្នាក់ ត្រូវបោះបង់ ចោល»។
សម្ដេចបន្ថែមទៀតថា រាជរដ្ឋាភិបាល គិតគូរដោយល្អិតល្អន់ នូវសុខុមាលភាព របស់ជនមានពិការភាព ដោយបានកំណត់ កូតា រហូតដល់២ភាគរយ សម្រាប់ជ្រើសរើសជនមានពិការភាពឲ្យបម្រើការងារក្នុងក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។ បន្ថែមពីលើនេះ វិស័យឯកជនត្រូវបានលើកទឹកចិត្ត ជាពិសេសឲ្យទទួល យកជនមានពិការភាព ឲ្យចូលបម្រើការងារដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្ដល់ឱកាសដល់ជនមានពិការភាព ក្នុងការួមចំណែកដល់កិច្ចការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យបានទូលំទូលាយបន្ថែមទៀត៕