ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានលើកឡើងថា បច្ចេកទេសនុយក្លេអ៊ែរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែកវេជ្ជសាស្ត្រ និងដើរតួនាទីពិសេសក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ។ ការលើកឡើង របស់លោកនេះ ក្នុងជំនួបជាមួយLiu Hua អគ្គនាយករង នៃទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency – IAEA) នាថ្ងៃ២០ មីនា ដែលផ្តោតលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល ។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ ដល់ IAEA ដែលបានសហការគាំទ្រ លើវិស័យសុខាភិបាល ជាពិសេសក្រុម បេសកកម្ម ដែលបានចុះមកវាយតម្លៃការងារប្រយុទ្ធប្រឆាំងមហារីកនៅកម្ពុជា (IMPACT Review Mission team) ដែលជាផ្នែកមួយដ៏សំខាន់ របស់ IAEA ដោយសារតែបច្ចេកទេសនុយក្លេអ៊ែរ ដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែកវេជ្ជសាស្ត្រ និងដើរតួនាទីពិសេសក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏ប្រាប់គណៈប្រតិភូ IAEAពីប្រវត្តិ ដែលចាប់ផ្តើមរៀបចំការងារ ពាក់ព័ន្ធនឹងជំងឺមហារីក តាំងពីឆ្នាំ២០១៣ នៃការកសាងមជ្ឈមណ្ឌល ជំងឺមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត ដោយបានការជួយឧបត្ថម្ភ គាំទ្របច្ចេកទេស និងបរិក្ខារផ្សេងៗ ក្នុងកិច្ចការងារនេះរហូតដល់បច្ចុប្បន្ន។ ក្នុងនោះផងដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយជាក់ស្តែង និងស្នើសុំការគាំទ្រពី IAEA រួមមាន៖ ទី១-មធ្យោបាយនៃការបង្កើត និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធ , ទី២-ការបណ្តុះបណ្តាល និងរក្សាមូលធនមនុស្ស ដែលមានជំនាញខ្ពស់ ក្នុងផ្នែកនេះ , ទី៣-តម្រូវការ និងការ ផ្គត់ផ្គងឧបករណ៍បរិក្ខារ , ទី៤- ឱសថឯកទេស ដែលមានប្រសិទ្ធភាពខ្ពស់ និងតម្លៃថ្លៃខ្លាំង , ទី៥-និរន្តរភាព និងតាមដានថែរក្សាដំណើរការឧបករណ៍បច្ចេកទេស និងទី៦-ប្រព័ន្ធសុវត្ថិភាព និងនិយតកម្មនៃដំណើរការ និងការទុកដាក់កាកសំណល់គ្រោះថ្នាក់ ដោយវិទ្យុសកម្ម ទាំងផ្នែករដ្ឋ និងពិសេសផ្នែកឯកជន ។
ចំណែកលោក Liu Hua អគ្គនាយករង នៃ IAEA បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ទស្សនវិស័យវែងឆ្ងាយ របស់សាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានបញ្ជាក់អំពីការគាំទ្រ យ៉ាងពេញទំហឹង របស់លោកដោយប្តេជ្ញាចិត្តខ្ពស់ និងចូលរួមជាមួយក្រសួងសុខាភិបាលនៃកម្ពុជា ដើម្បីសម្រេចឲ្យបាននូវការបង្កើតផែនការជាតិគ្រប់គ្រងជំងឺមហារីក និងការអនុវត្តផែនការសកម្មភាពជាដំណាក់កាលៗ ដោយចូលរួមការតាមដានវឌ្ឍនភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។
សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អង្គការ IAEAជាពិសេសអគ្គនាយករង ដែលបានបញ្ជាក់ជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ ការផ្តល់នូវជំនាញបច្ចេកទេស មធ្យោបាយនានាបន្ថែមទៀត ក្នុងគោលដៅរួមគ្នាលើកកម្ពស់ សុខុមាលភាពប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេច បាននូវការគ្របដណ្តប់សុខភាព ជាសកលស្របតាមផែនការយុទ្ធសាស្រ្ត បញ្ចកោណរាជរដ្ឋាភិបាល ៕