ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំផែនការ ដើម្បីចូលរួមអបអរ សាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈ ជូនប្រជាពលរដ្ឋ ឱ្យសប្បាយរីករាយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំដើម្បីរៀបចំផែនការ ចូលរួមអបអរសាទរចូលឆ្នាំថ្មី ឆ្នាំរោង និង រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្ករ លក្ខណៈ ជូនប្រជាពលរដ្ឋ ឱ្យសប្បាយរីករាយ នៅពេលខាងមុខនេះ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីសង្ក្រាន្ត ដើម្បីឆ្លងឆ្នាំចាស់ ឆ្នាំថោះ បញ្ចស័ក ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ទៅតាមទីកន្លែង និង រមនីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្ត កំពង់ចាម ដើម្បីចូលរួមអបអរសាទរ និងបង្កលក្ខណៈ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ឱ្សសប្បាយរីករាយ និង រក្សាបាននូវអត្តសញ្ញាណជាតិ ទំនៀមទម្លាប់ដ៏ល្អផូផង់របស់ជាតិខ្មែរ ដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តភារកិច្ចធ្វើយ៉ាងណា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងការលេងល្បែងប្រជាប្រិយ និងដើរលេង
ឱ្យបានល្អប្រសើរបំផុត ។

ទន្ទឹមនិងនោះ ត្រូវដឹកនាំ រៀបចំតុបតែង កែលម្អ បំភ្លឺភ្លើងពណ៌ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាមផ្លូវសាធារណៈ តាមគេហដ្ឋាន និងតាមមន្ទីរ-អង្គភាព ក្រុង ស្រុក ឃុំ-សង្កាត់ គ្រឹះស្ថានសាធារណៈ, វត្តអារាម និងដឹកនាំ រៀបចំ លេងល្បែងប្រជាប្រិយនៅតាមកន្លែងកំសាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងដែលបានរៀបចំ ជៀសវាង និងទប់ស្កាត់ឱ្យបាន នូវល្បែងណាដែលប្រាសចាកនឹងប្រពៃណីជាតិ ដូចជាល្បែងស៊ីសង ជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ ។ល។

ម្យ៉ាងទៀត គណៈកម្មការក្រោមឱវាទ ត្រូវណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស សាលារៀនឯកជននានា ឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យ ស្លោកភ្លើងពណ៌ ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិយើងឲ្យបានផលផុសផងដែរ ។

ដោយឡែក រដ្ឋបាលក្រុង ស្រុក ត្រូវផ្សព្វផ្សាយ និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ តាមវត្តអារាម ឲ្យមានការប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង និងបង្កលក្ខណៈល្អប្រសើរតាមទីកន្លែងកំសាន្តនានា ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានចូលរួមកំសាន្តសប្បាយ។

សូមបញ្ជាក់ថា ពិធីចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ គឺចាប់ពីថ្ងៃសៅរ៍ ៥កើត ដល់ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ដល់ ១៦ ខែ មេសា ឆ្នាំ២០២៤ ខាងមុខនេះ ៕

To Top