ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ពិតជាមានមោទនភាព ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់ សាសនាផ្សេងៗគ្នា តែមានសាមគ្គីគ្នាយ៉ាងល្អប្រសើរ ។
ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី ពិធី “ពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤” ដែលប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាថ្ងៃទី២១ ខែមីនានេះ ។
ក្នុងឱកាសនោះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាព ជំនឿសាសនា យ៉ាងទូលំទូលាយ ដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្ម សាសនិក នៃគ្រប់និកាយសាសនា ប្រឆាំងនូវរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ ការយកសាសនា ទៅធ្វើអាជីវកម្ម ដែលអាចបង្កវិប្បត្តិសាសនា នៅកម្ពុជា ។
សម្តេចធិបតី គូសបញ្ជាក់ថា “កម្ពុជា ពិតជាមានមោទនភាព ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរព កាន់សាសនាផ្សេងៗគ្នា តែមានសាមគ្គីគ្នា យ៉ាងល្អប្រសើរ” ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីថា នេះមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជានោះ ប៉ុន្តែក៏ជាមោទនភាព សម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែលប្រទេសជាច្រើន កោតសរសើរ ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយ ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ លើការងារ និងបង្កភាពងាយស្រួលជូន ប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត៕