ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលមុខជំនាញ និងបច្ចេកវិជ្ជាផ្សេងៗ ដើម្បីបងប្អូនខ្មែរឥស្លាម ទទួលបានការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិកាន់តែប្រសើរឡើង។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះវិស័យអប់រំ នៅក្នុងសហគមន៍ខ្មែរឥស្លាម បច្ចុប្បន្ន មានការរីកចម្រើន ហើយរាជរដ្ឋាភិបាល បានផ្ដល់ក្របខណ្ឌគ្រូបង្រៀនខ្មែរឥស្លាម ជូនដល់សហគមន៍ខ្មែរឥស្លាម ធ្វើឲ្យចំនួនសិស្ស-និស្សិតបញ្ញវន្ដខ្មែរនិស្សិត កាន់តែមានចំនួនកើនឡើង។
សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវឱ្យបន្តយកចិត្ត ទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបច្ចេកវិជ្ជាផ្សេងៗ ដើម្បីឲ្យបងប្អូនខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឲ្យជីវភាពគ្រួសារ និងសង្គមជាតិកាន់តែប្រសើរឡើង»។
ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា សេរីភាព នៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាល បើកទូលាយដល់បងប្អូនឥស្លាម ដូចជា៖ សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត, បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូប សម្រាប់ ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន, អត្តសញ្ញាណបណ្ណ ជាដើម។
សម្ដេចធិបតី បន្ដថា កន្លែងថ្វាយបង្គំមាននៅព្រលានយន្តហោះ, នៅតាមមន្ទីរពេទ្យរដ្ឋ, នៅតាមរោងចក្រ, សណ្ឋាគារ, ផ្សារធំៗមួយចំនួន, ជាពិសេស នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ៕