ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ផ្ដល់អនុសាសន៍គន្លឹះ១០ចំណុច ដល់និសិ្សត៧រូប ទទួលអាហារូបករណ៍ ទៅសិក្សានៅជប៉ុន

ភ្នំពេញ ៖ ក្នុងឱកាសទទួល ជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ របស់រាជរដ្ឋាភិបាល ជប៉ុនចំនួន៧រូប ដែលត្រូវទៅសិក្សា ថ្នាក់ក្រោយឧត្តមសិក្សា នៅប្រទេសជប៉ុន កាលពីថ្ងៃ២១ មីនា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ដល់អនុសាសន៍គន្លឹះចំនួន ១០ចំណុច ដល់និស្សិតជ័យលាភីទាំងនោះ ដើម្បីរួមចំណែកដល់ការសិក្សា ឲ្យបានជោគជ័យ ។

អនុសាសន៍ទាំង ១០ចំណុចនោះរួមមាន ៖ ១- ត្រូវសំឡឹងមើលឲ្យទូលាយ , ២- សុំកុំបោះបង់ , ៣- ត្រូវបើកចិត្តឲ្យទូលាយ , ៤- ត្រូវព្យាយាមធ្វើឲ្យបានប្រសើរ , ៥- ត្រូវមានសុច្ឆន្ទៈ , ៦- ត្រូវឈរនៅទីដែលវិជ្ជមានជានិច្ច , ៧- ត្រូវបង្ហាញពីការខិតខំ , ៨-ត្រូវរៀនពីបទពិសោធន៍ ,៩- ត្រូវមានសង្គតិភាព និង១០- ត្រូវចេះលះបង់។

បន្ទាប់ពីទទួលបានអនុសាសន៍ គន្លឹះដ៏ខ្ពង់ខ្ពស់ពីសាស្ត្រាចារ្យរដ្ឋមន្ត្រី និស្សិតទាំង៧រូប ក៏បានប្តេជ្ញាចិត្តនឹង ខិតខំសិក្សាឲ្យបានពូកែ និងជោគជ័យយកចំណេះដឹង មកបម្រើជាតិមាតុភូមិវិញ។

រដ្ឋមន្រ្តីសង្ឃឹមថា និស្សិតជ័យលាភីទាំងអស់ នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិ ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជូនសៀវភៅ របាយការណ៍សមិទ្ធផល សុខាភិបាលឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ត របស់ក្រសួងសុខាភិបាល ជូនដល់និស្សិតម្នាក់ៗ ចំនួនមួយក្បាលផងដែរ។

សូមបញ្ជាក់ថា និស្សិតអាហារូបករណ៍ ដែលត្រូវចេញ សិក្សានៅជប៉ុន នាពេលខាងមុខ គឺសិក្សាលើមុខវិជា្ជ ៖ ផ្នែកទំនាក់ទំនងអន្តរជាតិ , ផ្នែកវិស្វកម្មវិទ្យាសាស្ត្ររូបធាតុ ផ្នែកវិទ្យាសាស្ត្រឱសថ , ផ្នែកសំណង់ស៊ីវិល , ផ្នែកព័ត៌មានវិទ្យា , ផ្នែកគ្រប់គ្រងធុរកិច្ច , ផ្នែកសេដ្ឋកិច្ច , ផ្នែកសិក្សាអប់រំ , ផ្នែកគោលនយោបាយ និងរដ្ឋបាលសាធារណៈ៕

To Top