ព័ត៌មានជាតិ

ក្រសួងអប់រំ ឲ្យពង្រឹងវិន័យរបស់សិស្ស ក្រោយមានកុមារ និងយុវជនមួយចំនួន រាំតាមស៊ីផ្លេរថយន្ដ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព របស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សា ក្រោយមានកុមារ និងយុវជនមួយចំនួន បានរាំលេងតាមចង្វាក់ស៊ីផ្លេរថយន្ដ ដែលអាចបណ្ដាលមានគ្រោះថ្នាក់ដល់អាយុជីវិត។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២១ មីនា បានឲ្យដឹងថា នាពេលថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាន នៅតាមបណ្តាញសង្គមនានា កុមារ និងយុវជនមួយចំនួន បានរាំលេង តាមចង្វាក់ស៊ីផ្លែបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ដែលសកម្មភាពនេះ បានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងអាចបង្កភាពអាណាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ ឬអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រសួងបន្ដថា ក្នុងគោលបំណងពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមដងផ្លូវសាធារណៈ ជាពិសេសសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងវិន័យ និងបញ្ញាបការអប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថក្នុងសង្គម ដល់សិស្សានុសិស្ស ក្នុងម៉ោងសិក្សាជាប្រចាំ៕

To Top