ភ្នំពេញ ៖ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភាថៃ បានបញ្ជាក់ថា ថៃនឹងយកចិត្តទុកដាក់មើលថែពលករកម្ពុជា ដែលកំពុងធ្វើការ និងប្រកបមុខរបរនៅប្រទេសខ្លួនឲ្យគ្នាទៅនឹងប្រជាជនថៃដែរ ។
ការបញ្ជាក់របស់ប្រធានរដ្ឋសភាថៃ ធ្វើឡើងនាព្រឹកថ្ងៃទី២២ មីនានេះ ក្នុងឱកាសចូលរួមពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ។

ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន មានជំនឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាថៃនៅពេលនេះ នឹងបានរួមចំណែកយ៉ាងសំខាន់ថែមទៀត ដល់ការពង្រឹងនិងពង្រីកនៅទំនាក់ទំនង ជាមិត្តភាពរវាងប្រទេសនិងប្រជាជន ជាពិសេសស្ថាប័ននិតិប្ប ញ្ញត្តិ នៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ លោកប្រធានរដ្ឋសភាថៃ បានជម្រាបសម្ដេចតេជោថា កាលពី៣០ឆ្នាំមុន លោកបានជួបសម្ដេច ក្នុងនាមជាអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ដ៏មានសក្ដានុពល និងនៅថ្ងៃនេះបានជួបសម្ដេចបានសារជាថ្មីម្ដងទៀត។

លោក វ៉ាន់ មហាម៉ាត់ ណ័រ មៈថា លើកឡើងថា កម្ពុជា និងថៃ ជាប្រទេសភូមិផងរបងជាមួយគ្នា ដូច្នេះត្រូវចេះស្រលាញ់និងសាមគ្គីគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ប្រធានសភាថៃគូសបញ្ជាក់ថា «ប្រទេសថៃនឹងយកចិត្តទុកដាក់មើលថែពលករកម្ពុជា ដែលកំពុងធ្វើការនិងប្រកបមុខរបបក្នុងប្រទេសថៃដូចជាប្រជាជនថៃដែរ ជាពិសេសបានផ្ដល់ឱកាសឲ្យគ្រួសារ និងកូនរបស់ពលករកម្ពុជាទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ» ។

សម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យនៃ ទំនាក់ទំនង កម្ពុជាថៃ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះរដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់ផ្ដល់ការថែទាំដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅថៃ។
សម្ដេចតេជោ ជម្រុញឲ្យប្រទេសទាំងពីរ លើកកម្ពស់ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ ទេសចរណ៍ជាដើម និងចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំង ពីរលើកកម្ពស់ពីទំនាក់ទំនងដៃ គូរជាយុទ្ធសាស្ដ្រទៅជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។ ចំពោះកិច្ចសហប្រតិបត្តិការ តំបន់ត្រូវជម្រុញថែមទៀតដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន អ៊ិចមិច និងមហាអនុតំបន់មេគង្គ ៕
