ភ្នំពេញ៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការរៀបចំពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានលើកឡើងថា ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយមានថ្នាក់ដឹកនាំកំពូល ជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់ ដល់សាសនិកឥស្លាម លើសពីបណ្តាប្រទេសមួយចំនួន ។
ការលើកឡើងរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ធ្វើឡើង ក្នុងពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរាត្រីថ្ងៃទី២១ ខែមីនា ។
សូមរំលឹកថា ឆ្នាំនេះជាឆ្នាំទី៨ហើយ បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចរៀបចំ ឱ្យមានកម្មវិធីពិសាអាហារ ស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយ ពុំធ្លាប់មាននៅកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ(២០២០ ២០២១ និង២០២២) ដោយសារ វិបត្តិជម្ងឺកូវីដ-១៩ ។ ពិធីស្រាយបួសថ្នាក់ជាតិនៅកម្ពុជា ក៏ត្រូវបានចាត់ទុកថា ជាការរៀបចំ ដែលមានទ្រង់ទ្រាយធំជាងគេ ក្នុងចំណោមពិធីស្រាយបួស ដែលរៀបចំ ដោយរដ្ឋាភិបាល នៅតាមបណ្តាប្រទេសនានា លើសាកលលោក។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា “ទោះបីរាជរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែបងប្អូនសាសនិកឥស្លាម ទាំងក្នុងនិងក្រៅប្រទេស តែងតែចងចាំជានិច្ច និងមិនអាចបំភ្លេចបាន នូវគុណបំណាច់មិនអាចកាត់ថ្លៃបាន វីរភាពដ៏អង់អាចក្លាហាន ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិ ចេញពីបាតដៃទទេ គំនរផេះផង់ដោយសារ សង្គ្រាមរាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជឿនលឿន លើគ្រប់វិស័យ ជាពិសេស បានផ្តល់ ជូនបងប្អូនសាសនិកឥស្លាម នូវសិទ្ធិសេរីភាពពេញទី ខាងជំនឿសាសនា និងគោលនយោបាយជាច្រើនឥតគណនា ដែលនាំឱ្យសហគមន៍ខ្មែរឥស្លាម មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាក់ស្ដែងគុណបំណាច់ ដែលបានសង្គ្រោះជីវិត ប្រជាជនកម្ពុជា ពីជ្រោះមរណៈដោយសារជម្ងឺកូវីដ-១៩ ប្រកបដោយជោគជ័យ” ។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “យើង ខ្ញុំមានសំណាងណាស់ ដែលបានកើតលើទឹកដីខ្មែរដ៏ស្រស់បវរ ដែលមានពុទ្ធសាសនា ជាសាសនារបស់រដ្ឋ មានថ្នាក់ដឹកនាំកំពូល ជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់ ដល់សាសនិកឥស្លាម លើសពីបណ្តាប្រទេសមួយចំនួន”។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបន្ថែមទៀតថា “យើងខ្ញុំ នៅតែចងចាំជានិច្ចថា អ្វីដែលមនុស្សក្នុងសង្គមត្រូវការមុនគេនោះ គឺ សុខសន្តិភាព ទើបមានការអភិវឌ្ឍរីកចំរើន កើនឡើងទៅបាន និងមានអ្វីៗកើតមានជាបន្តបន្ទាប់ទៀត ហើយក៏នៅតែចងចាំថា សុខសន្តិភាព ដែលបានមកនៅក្បែរយើង សព្វថ្ងៃនេះ មិនមែនបានមកដោយចៃដន្យនោះទេ គឺបានមកដោយការខិតខំតស៊ូលះបង់ របស់សម្ដេចតេជោ រួមនឹងឥស្សរជនជាតិ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមានការគាំទ្រដ៏ច្រើនពីកងទ័ព និងប្រជាជនកម្ពុជា ដែលបាននាំមកឱ្យយើងទាំងអស់គ្នា ទទួលបាន នូវការរស់នៅប្រកបដោយក្តីសុខសាន្ត ដូចសព្វថ្ងៃនេះ រួមទាំង សម្ដេចធិបតី ដែលត្រូវបានទទួលធ្វើការដឹកនាំបន្ត ដែលកំពុងតែមានសន្ទុះរីកចម្រើន ថែមទៀតយ៉ាងលឿន”។
លោកបណ្ឌិត បន្តថា “ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្តី ជាពិសេសតាមរយៈការអនុវត្ត «គោលនយោបាយឈ្នះ-ឈ្នះ» ពិតជាបាននាំមកនូវការបង្រួបបង្រួម ផ្សះផ្សារជាតិ សន្តិភាព និងស្ថិរភាពនយោបាយ ដែលបានក្លាយជាចលករ និង ចន្ទល់ដ៏រឹងមាំ ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា។ ដោយមានគោលនយោបាយសុខដុមនីយកម្ម ប្រជាជនកម្ពុជាគ្រប់ជនជាតិ បានបំពេញកាតព្វកិច្ច គោរពប្រតិបត្តិ សាសនា ដោយមានសិទ្ធិសេរីភាពពេញលេញ គ្មានការភ័យខ្លាច ការរើសអើង ប្រកាន់ជាតិសាសន៍ និងសាសនា។
គួរឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅកម្ពុជា ហើយមាននៅបណ្តាប្រទេសខ្លះ ចាប់ផ្តើមពីថ្ងៃទី១១ ខែមីនា ត្រូវ នឹងថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៥ មូហាំម៉ាត់សក់រាជ សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាម នៅលើសកល លោក កំពុងបួសតមអាហារ ភេសជ្ជៈ ពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ ម៉ោង ដោយមានការ ប្រែប្រួលតាមតំបន់ខ្លះ រយៈពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង ៥ នៃអ្នក កាន់សាសនាឥស្លាម៕