ភ្នំពេញ៖ ចាប់ពីម៉ោង១រសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះតទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៅរោងចក្រ Y & W ដោយធ្វើឡើង នៅសាលាខណ្ឌដង្កោក្នុងរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីទទួលបន្ទុកសម្របសម្រួល បើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបិទបញ្ជីឈ្មោះ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីសម្រួលដល់កម្មករ និយោជិត បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗឱ្យបានរលូន។ នេះ គឺជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុក ដាក់ដល់កម្មករនិយោជិត។

អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវ សូមឱ្យបងប្អូនកម្មករ និយោជិតយកមកជាមួយនូវឯកសារ ដូចជាប័ណ្ណសម្គាល់ខ្លួន កម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែ របស់កម្មករនិយោជិតម្នាក់ៗ (បើមាន)សម្រាប់បើកប្រាក់ឈ្នួល៕


