ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា មានជំនឿជាក់ថា រដ្ឋសភា និងរាជរដ្ឋាភិបាលថៃ នឹងបន្តជួយយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ។

ក្នុងឱកាសសម្តេច សាយ ឈុំ ទទួលលោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភាថៃ នៅថ្ងៃ២២ មីនានេះ សម្តេចប្រមុខរដ្ឋស្តីទីបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាឱកាសនេះ ពិតជាបានរួមចំណែកថែរក្សាពូនជ្រំចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ជួយសម្រួលបែបបទដល់ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ តាមរយៈការបញ្ចុះតម្លៃទិដ្ឋាការពលករ និងថ្លៃបន្តទិដ្ឋាការសម្រាប់ពលករ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងជួយបណ្តុះបណ្តាលភាសាថៃ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករកម្ពុជា។

សម្តេចមានជំនឿជាក់ថា ប្រធានរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលថៃ នឹងបន្តជួយយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ។ ការយកចិត្តទុកដាក់ លើបញ្ហាពលករកម្ពុជា គឺជានយោបាយ ឈ្នះ ឈ្នះ សម្រាប់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោក វ៉ាន់មូហាម៉ាត់ណ មៈថា បានកត់សម្គាល់ឃើញថា ការវិនិយោគទុនរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ព្រមទាំងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងលើគ្រប់វិស័យ។

ប្រធានរដ្ឋសភាថៃបានចាត់ទុកថៃ និងកម្ពុជា គឺជាបងប្អូន ជាអ្នកជិតខាងល្អ ជាមិត្តល្អ ដូចសុភាសិតថៃលើកឡើងថា មានមិត្តល្អម្នាក់នៅជិត ប្រសើរជាងមានមិត្តល្អ១០នាក់នៅឆ្ងាយ ៕


