ព័ត៌មានជាតិ

សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ក្នុងវត្តឥន្ទខីលារាម (ថ្មគោល) សាងសង់អស់តម្លៃជាង ៣៥ ម៉ឺនដុល្លារ

កំពង់ចាម ៖ សមិទ្ធផលនានាមានចំនួន ២១ ស្ថិតក្នុងបរិវេណវត្ត ឥន្ទខីលារាម (ថ្មគោល) ក្នុងឃុំរអាង ស្រុកកំពង់សៀម ដែលសាងសង់អស់តម្លៃជាង ៣៥ ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម និង លោក  អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

បើតាមអភិបាលស្រុកកំពង់សៀម លោក ប៊ិន ឡាដា បានឱ្យដឹងថា សមិទ្ធផលថ្មី ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ គឺជាស្នាប្រហស្ថ ដែលបានដឹកនាំកសាងដោយព្រះគ្រូទីបមុនីវង្សា ណែម ឡាទី ព្រះចៅអធិការវត្តបច្ចុប្បន្ន រយៈពេល ៤ឆ្នាំ សាងសង់បានចំនួន ២១សមិទ្ធផល។ រីឯបច្ច័យក្នុងការកសាងសមិទ្ធផលនានា ក្នុងវត្តឥន្ទខីលារាម (ថ្មគោល) ចាប់តាំងពី ខែមីនា ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ២០២៤ មានចំនួនសរុប ៣៥០,៤១៤ ដុល្លារអាមេរិក ។

នាឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់ ដែលបានកសាងឡើងមកនេះ គឺជាការរួមគ្នារបស់លោកយាយ លោកតា បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចែករំលែកនូវធនធានផ្ទាល់ខ្លួន រួមគ្នាកសាងនូវសមិទ្ធផលទាំងឡាយនោះ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលធ្វើឲ្យព្រះពុទ្ធសាសនា របស់យើងកាន់តែទទួលបាននូវគុណតម្លៃ ទទួលបាននូវការគោរព ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ការរស់នៅក្រោមដំបូលសុខសន្តិភាព គឺធ្វើឲ្យប្រជាពលរដ្ឋយើង ទទួលបានលទ្ធផលនូវការអភិវឌ្ឍន៍ឥតឈប់ឈរ ព្រមទាំងមានការជួបជុំ ការធ្វើបុណ្យដាក់ទាន ប្រកបដោយទឹកមុខសប្បាយរីករាយផងដែរ។

លោកអភិបាលខេត្ត បានយកឱកាសនោះសំដែង នូវការកោតសរសើរដល់ព្រះចៅអធិការវត្ត ឥន្ទខីលារាម (ថ្មគោល) ក៏ដូចជាព្រះអង្គ មេគណខេត្ត ដែលបានរួមគ្នា ចូលរួមគ្រប់សកម្មភាពទាំងអស់ ដែលធ្វើឲ្យទីវត្តអារាម របស់យើងមានការរីកចម្រើន និងជាទីពេញចិត្ត និងជាទីកន្លែងប្រមូលផ្ដុំនូវជំនឿ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងប្រមូលផ្ដុំគ្នា ប្រារព្ធនូវកិច្ចសាសនា ដើម្បីកសាងកុសលផលបុណ្យ និងឧទ្ទិសនូវកុសលផលបុណ្យ ដល់ញាតិកាទាំងឡាយ ដែលបានចែកឋានទៅផងដែរ ៕

To Top