ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ក្រោមពាក្យស្លោក «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» ។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើទៅភាគីពាក់ព័ន្ធថា ទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុក ដាក់លើបញ្ហាជំងឺរបេង ដោយមិនអាចមើលរំលងនូវចំណុច សេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។

លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តីបន្តថា ប្រសិនបើប្រជាពលរដ្ឋ មានសុខុមាលភាពល្អ នឹងនាំឲ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើន ចំណេះដឹង បង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង ។ អាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា គឺអាស្រ័យលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗ ដែលជាអនាគតរបស់ប្រទេស»។

លោកថា ក្រសួងសុខាភិបាល បាននិងកំពុងចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

ជាមួយគ្នានោះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត មន្ត្រីរាជការ សុខាភិបាល រាជធានី ខេត្ត ស្រុកប្រតិបត្តិ ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវ លើការងារកំចាត់រោគរបេង រហូតទទួលបាន សមិទ្ធផល ជាទីមោទក។ សាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណអង្គការសុខភាពពិភពលោក អង្គការ USAID អង្គការមូលនិធិសកល អង្គការអន្តរជាតិ និងអង្គការមិនមែន រដ្ឋាភិបាលដទៃទៀត ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រ ដល់ការងារកំចាត់រោគរបេងគ្រប់លំដាប់ថ្នាក់ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

សាស្រ្តាចារ្យរដ្ឋមន្ត្រី មានជំនឿថាប្រធានបទ ដែលបានលើកឡើងនៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ឲ្យពិភពលោកទាំងមូល មានជំនឿយ៉ាងមុតមាំថា ទាំងអស់អាចបញ្ចប់ជំងឺរបេងបាន ដោយទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឲ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេង ជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែជួយ ឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល ៕






