ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំកម្លាំងសមត្ថកិច្ច ត្រូវក្តាប់ឱ្យបានសភាពការណ៍ កុំឱ្យមានការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ រហូតក្លាយទៅជាតំបន់អបគមន៍។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងណែនាំស្តីពីការងារបុគ្គលិក នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា បញ្ហាទំនាស់ដីធ្លីនៅតាមរាជធានី-ខេត្ត ជាពិសេសខេត្តដែលនៅជាប់តាមព្រំដែនទាំងតូចទាំងធំ អាជ្ញាធរមិនអាចមើលស្រាលអំពីជម្លោះដ៏រ៉ាំរ៉ៃនេះបានទេ ការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់សុទ្ធសឹងតែមានអ្នកនៅពីក្រោយខ្នង ដើម្បីញុះញង់ឱ្យមានចលនា ដើម្បីទំលាក់កំហុសមកលើរាជរដ្ឋាភិបាលធ្វើឱ្យប្រជាពលរដ្ឋបាត់ជំនឿមកលើរាជរដ្ឋាភិបាល ដែលនេះជាបញ្ហាដែលក្នុងនាមជាអាជ្ញាធរមិនត្រូវមើលស្រាលជាដាច់ខាត។ កន្លែងខ្លះអាចក្លាយទៅជាការបង្កើតតំបន់អបគមន៍ ដែលអាជ្ញាធរពិបាកក្នុងការចូលដោះស្រាយ។
នាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថា «អាជ្ញាធរដែលខេត្តជាប់នៅតាមតំបន់ព្រំដែន ដែលមានបញ្ហាទំនាស់ដីធ្លី ត្រូវបង្កើនកម្លាំងសមត្ថកិច្ចក្តាប់ឱ្យបានសភាពការណ៍កុំឱ្យមានការទន្ទ្រានយកដីរដ្ឋ ដោយខុសច្បាប់រហូតក្លាយទៅជាតំបន់អបគមន៍»។
នាយឧត្តមសេនីយ៍ ស ថេត បន្ដថា ត្រូវពង្រឹងការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះអណាធិបតេយ្យ ដែលបង្កើតឱ្យមានជាសម្លេងផ្ទុះ ការគ្រប់គ្រងនូវសាធាតុគីមីផ្សំ ក្នុងនោះមានក្រសួងចំនួនពីរ ដែលទទួលបានអាជ្ញាបណ្ណក្នុងការនាំចូលដើម្បីធ្វើសកម្មភាពផ្សេងៗ ដូចជា ប្រើប្រាស់ក្នុងការបំផ្ទុះថ្មដើម្បីធ្វើផ្លូវ ធ្វើសំណង់ជាដើម ដែលមានក្រុមហ៊ុនផ្សេងៗមកទទួលយក ដើម្បីទៅបន្តធ្វើអាជីវកម្មដែលចំនុចទាំងនេះ ហើយក្នុងនាមអាជ្ញាធរត្រូវមានវិធានការក្នុងការគ្រប់គ្រងទាំងការដឹកជញ្ជូនយកទៅទុកដាក់នៅកន្លែងណា ដើម្បីបំរើក្នុងអាជីវកម្មបែបណា អាជ្ញាធរត្រូវមានយន្តការគ្រប់គ្រងអោយបានម្មត់ចត់ ទាំងព័ត៌មាន និងឯកសារបញ្ជាក់ពីទីតាំងដែលទុកដាក់ ការដឹកជញ្ជូន និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវ៕